ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៤ តុលា នេះ បានព្រមាននិងបង្ហាញក្ដីបារម្ភ ចំពោះជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តរបស់ខ្លួន ដោយសារភ្លៀងធ្លាក់ចំនួន៣ថ្ងៃ ដែលបណ្ដាលឱ្យទឹកស្ទឹងព្រែកត្នោត មានការហក់ឡើងគួរឲ្យព្រួយបារម្ភ និង ស្ទឹងក្រាំងពន្លៃ ស្ថានភាពគ្រប់គ្រងលែងបាន។
នៅលើគេហទំព័រហ្វេសប៊ុក លោកវ៉ី សំណាង បានសរសេរយ៉ាងដូច្នេះថា «ទឹកភ្លៀងចំនួន 3 ថ្ងៃ ( ១៦, ២០, ២២ ) ធ្វើឲ្យទឹកស្ទឹងព្រែកត្នោតមានការហក់ឡើងគួរឲ្យព្រួយបារម្ភ។ ទឹកបានលេចតំបន់ទំនាបមួយចំនួននៅខាងត្បូងខេត្ត ( សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន, ឃុំរលាំងចក និង ឃុំរលាំងគ្រើល នៃស្រុកសំរោងទង ) ។ រីឯតំបន់មួយចំនួនផ្នែកខាងជើងក៏មានការជន់លេចដែរ ( ក្រុងច្បារមន, សង្កាត់កណ្ដោលដុំ, ឃុំតាំងក្រូច ) ។ ស្រុកបរសេដ្ឋនិងស្រុកគងពិសី កុំមានការជន់លិចមួយចំនួនដែរ»។
លោក វ៉ី សំណាង បន្ថែមថា «អ្វីដែលជាការព្រួយបារម្ភគឺស្ទឹងក្រាំងពន្លៃ ស្ថានភាពគ្រប់គ្រងលែងបានហើយ ដែលតម្រូវឲ្យអ្នកបច្ចេកទេស ត្រូវបើកទ្វាទឹកទាំង៦ ( កំពង់ស្ពឺ៣ទ្វា, កំពង់ឆ្នាំង៣ទ្វា ) ។ ទឹកនេះអាចបណ្ដាលឲ្យជន់លិច នៅផ្នែកខាងក្រោម គឺផ្លូវជាតិលេខ៥ និង ផ្សារឧត្តុង្គ»។
អាស្រ័យហេតុនេះ លោកអភិបាលខេត្ត រូបនេះ បានអំពាវនាវ ឱ្យ ពុកម៉ែមាមីងបងប្អូន មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
លោកថា មន្ទីរកសិកម្ម ត្រូវត្រៀមពូជស្រូវ សម្រាប់ ចែកជូនបងប្អូននៅពេលដែលទឹកស្រក។ អាជ្ញាធរដែនដីគ្រប់ថ្នាក់ត្រូវ តាមដានពីស្ថានភាពទឹកឲ្យបានជាប់ ដើម្បីងាយស្រួល នៅក្នុងការជួយសង្គ្រោះពួកគាត់៕