ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមាន៖កិច្ចពិភាក្សានុយក្លេអ៊ែ នឹងបរាជ័យ ប្រសិនបើលោក បៃដិន មិនផ្តល់ការធានាទេ

បរទេស៖ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃពុធនេះថា កិច្ចចរចាគ្នាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់អ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោកឡើងវិញ នឹងរងនូវភាពបរាជ័យ ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនអាចធានាបានថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនោះជាថ្មីនោះទេ។

នៅក្នុងសារមួយដែលបង្ហោះនៅលើបណ្ដាញសង្គមធ្វីតធ័រ លោក Ali Shamkhani បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលខ្វះខាតអំណាច គឺមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់ការធានានោះទេ ហើយប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្តនោះ លទ្ធផលនៃកិច្ចចរចាគ្នា គឺប្រាកដច្បាស់ណាស់”។

ប្រទេសអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងផ្តល់កាលបរិច្ឆេទបន្ថែមមួយ នៅក្នុងសប្ដាហ៍នេះ សម្រាប់ការបន្តកិច្ចពិភាក្សាគ្នាជាមួយមហាអំណាចពិភពលោក ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា នេះបើយោងតាមមន្ត្រីចរចានុយក្លេអ៊ែជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ គឺលោក Ali Bagheri-Kani។

គួរបញ្ជាក់ថា កាលពីខែមេសា ប្រទេសអ៊ីរ៉ង់និងមហាអំណាចពិភពលោកចំនួន៦ បានចាប់ផ្តើមកិច្ចពិភាក្សាគ្នានៅក្នុងទីក្រុងវីយែន ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងឡើង ដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកាលពី៣ឆ្នាំមុន ហើយបន្ទាន់មកបានធ្វើការដាក់ទណ្ឌកម្មជាថ្មី ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់៕ប្រែសម្រួល៖ប៉ាង កុង

To Top