ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ៣១នាក់ ក្នុងអំឡុងពេលវាយប្រហារ នៅប្រទេសម៉ាលី

បាម៉ាកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀត បានរងរបួស នៅគ្រាដែលក្រុមប្រដាប់អាវុធ កាលពីថ្ងៃសុក្រ បានវាយប្រហារលើរថយន្ត ដឹកជនស៊ីវិលនៅភាគកណ្តាល នៃប្រទេសម៉ាលី ។

សេចក្តីថ្លែងការណ៍ដែលចេញ ដោយរដ្ឋាភិបាលអន្តរកាល នៃប្រទេសម៉ាលី បានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធមិនស្គាល់ អត្តសញ្ញាណមួយក្រុមបានវាយប្រហារ និងដុតបំផ្លាញរថយន្តដឹកមនុស្ស ទៅកាន់កន្លែងតាំងពិពណ៌ក្បែរភូមិ Songho ។

កម្លាំងពង្រឹងត្រូវបានដាក់ពង្រាយ “នាពេលបច្ចុប្បន្ន” នៅក្នុងតំបន់ ដើម្បីតាមដានជនល្មើស ដោយសន្យាថា នឹងចាត់វិធានការទាំងអស់ ដើម្បី “ចាប់ខ្លួន និងផ្តន្ទាទោសជនល្មើស នៃអំពើដ៏គួរឱ្យស្អប់ខ្ពើម និងសោកនាដកម្មនេះ” ។

លោក Assimi Goita ប្រធានាធិបតីបណ្តោះអាសន្នរបស់ម៉ាលី បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិចំនួន ៣ថ្ងៃចាប់ពីថ្ងៃអាទិត្យ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ក្នុងការវាយប្រហារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top