ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថាបន្ទាប់ពីខកខានមួយឆ្នាំកន្លងទៅ ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ពិធីអបអរសាទរខួប២៣ឆ្នាំ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣ នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះ នឹងប្រារព្ធឡើងយ៉ាងអធិកអធម ចាប់ពីថ្ងៃទី៣០ រហូតដល់យប់រំលងអធ្រាតថ្ងៃទី៣១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់ វិមានឈ្នះ ឈ្នះ បានថ្លែងឱ្យដឹងថា នៅក្នុងឱកាសប្រារព្ធពិធីនេះ នឹងមានការប្រគុំតន្ត្រី បាញ់កាំជ្រួច និងពិធីកំសាន្ដនានាជាច្រើន ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានអំពាវនាវផងដែរថា ក្នុងឱកាសប្រារព្ធពិធីយ៉ាងអធិកអធម ខាងមុខនេះសូមឱ្យបងប្អូនជនរួមជាតិ ដែលចូលទស្សនាកំសាន្តគប្បីត្រូវធ្វើជា ម្ចាស់ការដោយខ្លួនឯង ពោលគឺត្រូវបន្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងកិច្ចការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះតែម្តង។
គូសបញ្ជាក់ថា នៅក្នុងពិធីខួប២៣ឆ្នាំនៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួបលើកទី៣នៃការដាក់ឲ្យដំណើរការជាសាធារណៈនៃវិមាន ឈ្នះ ឈ្នះនេះដែរ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សាងសង់វិមានឈ្នះ ឈ្នះ៕