ព័ត៌មានជាតិ

កូរ៉េ កោតសរសើរ កិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ លើបញ្ហាភូមា (Video)

ភ្នំពេញ៖ លោក មួន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការសម្របសម្រួលស្ថានការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ាឬភូមា នាពេលកន្លងមកនិងទៅថ្ងៃមុខក្នុងនាមជាប្រធានអាស៊ាន។

សូមរំលឹកថា ស្ថានការណ៍នយោបាយតានតឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី អ៊ុង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតបង្កឱ្យមានវិបត្តិសុខភាពធ្ងន់ធ្ងរ ផងដែរ ដោយសារការឆ្លងរាតត្បាត នៃជំងឺឆ្លង កូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា
នៅក្នុងជំនួបពិភាក្សាការងារ រវាងប្រមុខដឹកនាំ កម្ពុជា-កូរ៉េ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ អន្តរជាតិ ដែលជាកង្វល់រួម។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក មួន ជេអ៊ីន ប្រធានាធិបតីកូរ៉េ បានបញ្ជាក់ឡើងវិញពីការគាំទ្រ របស់សាធារណរដ្ឋកូរ៉េ ចំពោះការព្រមព្រៀង ជាឯកច្ឆន្ធទាំង៥ចំណុចរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ឱ្យទៅរកប្រក្រតីឡើងវិញ ។

ប្រភពដដែលបញ្ជាក់ថា «លោកប្រធានាធិបតី កោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ដើម្បីជួយមីយ៉ាន់ម៉ា ឱ្យទៅរកប្រក្រតីឡើងវិញ»។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ មីន អោង ឡាង (Min Aung Hlaing) មេដឹកនាំជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានគូសបញ្ជាក់ និងអំពាវនាវ លោក Min Aung Hlaing នូវ ៤ចំណុចសំខាន់ៗដូចខាងក្រោម ៖

១)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ លោក Min Aung Hlaing ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។

២)សម្តេចតេជោស្នើសុំឲ្យ លោក Min Aung Hlaing បង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងនាពេលខាងមុខនេះ ។

៣)អំពាវនាវ សុំអោយភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់នាពេលខាងមុខនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ានបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះ ។ ដោយសម្ដេចតេជោ ស្នើសុំធ្វើយ៉ាងណាអោយភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ។
៤)សម្តេចតេជោបានអំពាវនាវ និងអញ្ជើញ លោក Min Aung Hlaing ចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនប្រទេសមីយ៉ាម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលសម្ដេចតេជោធ្លាប់បានលើកឡើងជាមួយឯកឧត្តម Min Aung Hlaing កាលពីពេលទៅនេះ៕

To Top