ព័ត៌មានអន្តរជាតិ

សុខៗ! នាវាមុជទឹករបស់រុស្ស៊ី ធ្វើដំណើរឆ្លង កាត់ច្រកសមុទ្រ នៃប្រទេសតួកគី ឆ្ពោះទៅសមុទ្រខ្មៅ

អ៊ីស្តង់ប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាវាមុជទឹកប្រភេទ Kilo-class របស់កងទ័ពជើងទឹករុស្ស៊ី បានឆ្លងកាត់ច្រកសមុទ្រ Bosphorus របស់ប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រខ្មៅ ។

នាវាមុជទឹក Kilo-class Rostov-Na-Donu បានចូលទៅក្នុងច្រកសមុទ្រប្រវែង៣០គីឡូម៉ែត្រពីសមុទ្រ Marmara របស់ប្រទេសតួកគី ហើយឆ្ពោះទៅសមុទ្រខ្មៅ នេះបើយោងតាមសារព័ត៌មាន Sozcu daily ។

រូបភាពដែលគេជឿថា ថត នៅពេលព្រឹកបង្ហាញថា នាវាឆ្មាំឆ្នេរសមុទ្រតួកគី បានអមដំណើរនាវាមុជទឹកវាយប្រហារ ដោយអគ្គិសនីប្រើម៉ាស៊ូតក្នុងអំឡុងពេលឆ្លង កាត់របស់នាវានោះ ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាវាចម្បាំងរុស្ស៊ី ចំនួន៦គ្រឿងបានធ្វើដំណើរទៅកាន់សមុទ្រខ្មៅតាមរយៈច្រកសមុទ្រ Bosphorus នេះបើយោងតាម Sozcu ។

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសតួកគី បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀស វាងការធ្វើដំណើរទៅកាន់ភាគខាងកើតអ៊ុយក្រែន ដោយសារតែភាពតានតឹង កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top