ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងបញ្ជូនយន្តហោះ៣គ្រឿង ទៅកាន់អ៊ុយក្រែន ក្នុងគោលបំណង ដឹកពលរដ្ឋរបស់ខ្លួន ត្រឡប់មកវិញ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India នឹងដំណើរការជើងហោះហើរចំនួន៣ ទៅកាន់ប្រទេសអ៊ុយក្រែន នៅសប្តាហ៍ក្រោយ ដើម្បីនាំយកមកវិញ នូវអ្នកដែលមានបំណង ចាកចេញពីប្រទេសនៅអ៊ឺរ៉ុប។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីក្រុមហ៊ុន អាកាសចរណ៍ បានឲ្យដឹងដូច្នេះនៅថ្ងៃសៅរ៍នេះ ។

ក្រុមហ៊ុនបានបង្ហោះថា “Air India នឹងដំណើរការជើងហោះហើរចំនួន៣រវាងប្រទេសឥណ្ឌា-អ៊ុយក្រែន (អាកាសយានដ្ឋានអន្តរជាតិ Boryspil) នៅថ្ងៃទី២២ ,២៤ និង២៦ខែកុម្ភៈនេះ ។ ការកក់ទុកបានបើក តាមរយៈការិយាល័យ កក់សំបុត្ររបស់ ក្រុមហ៊ុន Air India នៅលើគេហទំព័រ មជ្ឈមណ្ឌលហៅទូរសព្ទ និងភ្នាក់ងារទេសចរណ៍ដែលមានការអនុញ្ញាត” ។

ទោះយ៉ាងណាក៏ដោយ មន្ត្រីម្នាក់នៅក្រសួងកិច្ចការបរទេស ហៅកាត់ថា (MEA) បានលើកឡើងថា វាគ្រាន់តែជា “ការកើនឡើងនៃចំនួនជើងហោះហើរពាណិជ្ជកម្មប៉ុណ្ណោះ” មិនមែនជាផែនការជម្លៀសនោះទេ ។

អ្នកនាំពាក្យមកពី MEA លោក Arindam Bagchi បានលើកឡើងកាលពីពីរថ្ងៃមុនថា មិនមានផែនការជម្លៀសភ្លាមៗនោះទេ។

លោកបានលើកឡើងថា ស្ថានទូតឥណ្ឌា ប្រចាំប្រទេសអ៊ុយក្រែន បានបន្តដំណើរការជាធម្មតា ក្នុងការផ្តល់សេវាចាំបាច់ ដល់ប្រជាជនឥណ្ឌានៅទីនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top