ព័ត៌មានអន្តរជាតិ

តម្លៃប្រេងហក់ឡើងខ្ពស់ ខណៈពាណិជ្ជករ កំពុងវាយតម្លៃទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី

ញញវយ៉ក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃចន្ទជាមួយនឹងតម្លៃគោល Brent ដែលបញ្ចប់លើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈដែលអ្នកវិនិយោគបានវាយតម្លៃ ពីផលប៉ះពាល់នៃទណ្ឌកម្ម ចុងក្រោយបំផុតប្រឆាំងនឹងរុស្ស៊ី។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានបន្ថែម ៤,១៣ដុល្លារអាមេរិកឬ ៤,៥ ភាគរយដើម្បីទូទាត់នៅតម្លៃ ៩៥,៧២ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយខែមេសា បានកើនឡើង ៣,០៦ដុល្លារ ឬ ៣,១ភាគរយ មកបិទនៅតម្លៃ ១០០,៩៩ដុល្លារ ក្នុងមួយបារ៉ែលនៅលើ ផ្សារហ៊ុន London ICE Futures Exchange ។

លោក Carsten Fritsch អ្នកវិភាគថាមពលនៅក្រុមហ៊ុន Commerzbank Research បានលើកឡើងថា “ការកើនឡើងតម្លៃគួរឱ្យកត់សម្គាល់ គឺដោយសារតែការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ីដោយ ប្រទេសលោកខាងលិច ដែលត្រូវបានរឹតបន្តឹងម្តងទៀត នៅចុងសប្តាហ៍” ។

សហរដ្ឋអាមេរិក រួមជាមួយនឹងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍រួម មួយកាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា ពួកគេនឹងដកធនាគាររុស្ស៊ី មួយចំនួនចេញពីប្រព័ន្ធ SWIFT ដែលជាប្រព័ន្ធទូទាត់ ដែលប្រើសម្រាប់ប្រតិបត្តិការ ហិរញ្ញវត្ថុអន្តរជាតិភាគច្រើន ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន។

លោក Fritsch បានបម្ដថា ការផ្លាស់ប្តូរនេះបានបង្កឱ្យ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការរំខានដល់ការផ្គត់ផ្គង់ ថាមពលរបស់រុស្ស៊ី។ សម្រាប់សប្តាហ៍ដែលបញ្ចប់ថ្ងៃសុក្រ WTI បានកើនឡើង ១,៥ ភាគរយ ខណៈដែល Brent បានកើនឡើង ៤,៧ ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top