ព័ត៌មានអន្តរជាតិ

Update: រុស្សី ចាប់ផ្តើម​ នីតិវិធីដកតំណែង របស់ខ្លួនចេញ ពីក្រុមប្រឹក្សាអឺរ៉ុប

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានផ្ញើសេចក្តីជូនដំណឹង អំពីការដកខ្លួនចេញ ពីក្រុមប្រឹក្សាអឺរ៉ុប ទៅកាន់អគ្គលេខាធិការ អង្គការលោក Marija Pejcinovic Buric នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋនៃអង្គការណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) និងសហភាពអឺរ៉ុប ដែលបំពានភាគច្រើន របស់ពួកគេនៅក្នុងក្រុមប្រឹក្សាអឺរ៉ុប កំពុងផ្លាស់ប្តូរអង្គការនេះ ឱ្យទៅជាឧបករណ៍ នៃគោលនយោបាយប្រឆាំងរុស្ស៊ី ដោយបដិសេធការសន្ទនាស្មើភាពគ្នា និងគោលការណ៍ទាំងអស់ ដែលរចនាសម្ព័ន្ធអឺរ៉ុបត្រូវបានបង្កើតឡើង” ។

ប្រភពបានបន្ដថា យ៉ាងណាក៏ដោយ រុស្ស៊ីនៅតែបើកចំហចំពោះអន្តរកម្មប្រកបដោយប្រសិទ្ធភាព និងស្មើភាពជាមួយសមាជិកក្រុមប្រឹក្សាអឺរ៉ុប លើបញ្ហាផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ថា រុស្ស៊ីបានប្រកាសកាល ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ខ្លួននឹងមិនចូលរួមក្នុងក្រុមប្រឹក្សា អឺរ៉ុបទៀតនោះទេ។ ប្រទេសរុស្ស៊ី បានចូលជាសមាជិកក្រុមប្រឹក្សា នៅខែកុម្ភៈ ឆ្នាំ១៩៩៦ ក្នុងនាមជាសមាជិកទី៣៩ របស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top