ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ថា ជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងកាលពីថ្ងៃអង្គារថា អ៊ុយក្រែនចង់ឱ្យប្រទេសចិនដើរតួ “គួរឱ្យកត់សម្គាល់” បន្ថែមទៀត ក្នុងការបញ្ឈប់ សង្គ្រាម ដែលកំពុងធ្វើឡើង ដោយរុស្ស៊ីនៅលើទឹកដីរបស់ខ្លួន ហើយថែមទាំងក្លាយ ជាអ្នកធានានាពេលអនាគត នៃសន្តិសុខរបស់ខ្លួនផងដែរ ។
លោក Andriy Yermak ដែលជាប្រធានការិយាល័យរបស់លោក Zelenskyy ក៏បានលើកឡើងផងដែរថា លោករំពឹងថា នឹងមានកិច្ចសន្ទនា “ឆាប់ៗនេះ” រវាងមេដឹកនាំអ៊ុយក្រែន និងប្រធានាធិបតីចិន ហ្ស៊ី ជីនពីង ដោយមិនមានការបញ្ជាក់ លម្អិតនោះទេ ។
ប្រទេសចិន ដែលជាមហាអំណាច សេដ្ឋកិច្ចលេខ២របស់ពិភពលោក បាននឹងកំពុងបង្កើតទំនាក់ទំនង ថាមពល ពាណិជ្ជកម្ម និងសន្តិសុខកាន់តែជិតស្និទ្ធ ជាមួយរុស្ស៊ី ប៉ុន្តែក៏ជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់អ៊ុយក្រែនផងដែរ ។ ចិន បានទប់ទល់នឹងសម្ពាធ ពីបណ្តាប្រទេស លោកខាងលិច ដើម្បីថ្កោលទោសការឈ្លាន ពានរបស់រុស្ស៊ី ។
“រហូតមកដល់ពេលនេះ យើងបានឃើញជំហរអព្យាក្រឹតរបស់ចិន ហើយដូច ដែលខ្ញុំបានលើកឡើងពីមុនមក យើងជឿជាក់ថា ប្រទេសចិន… គួរតែដើរតួនាទីគួរឱ្យកត់សម្គាល់បន្ថែមទៀត ក្នុងការនាំយកសង្រ្គាមនេះដល់ទីបញ្ចប់ និងក្នុងការកសាងប្រព័ន្ធសន្តិសុខ ពិភពលោកថ្មីមួយ” ។ លោក Yermak បានប្រាប់សន្និសីទសារព័ត៌មាននិម្មិតដែលរៀបចំដោយ Chatham House Think-tank នៅទីក្រុងឡុងដ៍ ។
លោកបានលើកឡើងថា “យើងក៏រំពឹងថា ប្រទេសចិននឹងរួមចំណែកយ៉ាងមានអត្ថន័យចំពោះប្រព័ន្ធសន្តិសុខថ្មី នេះសម្រាប់អ៊ុយក្រែន ហើយយើងក៏រំពឹងថា ប្រទេសចិន នឹងក្លាយជាអ្នកធានាម្នាក់ ក្នុងក្របខ័ណ្ឌនៃប្រព័ន្ធសន្តិសុខនេះ” គាត់បានលើកឡើងយ៉ាង ដូច្នេះតាមរយៈអ្នកបកប្រែ ។
យើងចាត់ទុកប្រទេសចិន ដោយការគោរពបំផុត ហើយយើងរំពឹងថា ប្រទេសចិន នឹងដើរតួនាទីសកម្មនៅទីនោះ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា