ព័ត៌មានអន្តរជាតិ

G-7 ថ្កោលទោស អំពើឃោរឃៅរបស់រុស្ស៊ី នៅអ៊ុយក្រែន និងប្តេជ្ញាបង្កើនសម្ពាធ លើទីក្រុងម៉ូស្គូ

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមក ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រទេសរុស្ស៊ីនូវ “អំពើឃោរឃៅ” នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ថា មានសាកសពជនស៊ីវិលរាប់រយនាក់ ត្រូវបានគេរកឃើញនៅជាយក្រុង នៃរដ្ឋធានីគៀវ។

 នៅក្នុងសេចក្តីថ្លែងការណ៍មួយដែ លបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងប្រ៊ុចសែល មន្ត្រីកំពូលមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបបានយល់ព្រម “រក្សានិរន្តរភាព និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ដោយដាក់វិធានការរឹតបន្តឹងបន្ថែម ដែលបានសម្របសម្រួល លុះត្រាតែទីក្រុងម៉ូស្គូបញ្ឈប់ការឈ្លានពាន លើប្រទេសជិតខាងរបស់ខ្លួនមួយនេះ”។

 ការប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស G-7 លើកទី៦ នៅឆ្នាំនេះ រួមទាំងការពិភាក្សាតាមទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឡើងនៅពេលដែល សហគមន៍អន្តរជាតិ បានសម្តែងការខឹងសម្បារចំពោះការកាប់សម្លាប់ ជនស៊ីវិលនៅទីក្រុង Bucha ក្បែរទីក្រុងគៀវ និងកន្លែងផ្សេងទៀត ដោយព័ត៌មានលម្អិតបានលេចចេញបន្ទាប់ពីការដកទ័ពរុស្ស៊ី ចេញពីតំបន់នានា ទោះបីជាវិមានក្រឹមឡាំង បានបដិសេធការជាប់ពាក់ព័ន្ធក៏ដោយ។

 សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “រូបភាពគួរឱ្យខ្លាចនៃការស្លាប់ជនស៊ីវិល ជនរងគ្រោះនៃការធ្វើទារុណកម្ម និងការប្រហារជីវិតជាក់ស្តែង ក៏ដូចជារបាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បង្ហាញពីមុខមាត់ពិតនៃ សង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និងប្រជាជនរបស់ខ្លួន”។

រដ្ឋមន្ត្រីការបរទេស បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឃោរឃៅដែលប្រព្រឹត្ត ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Bucha និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top