ព័ត៌មានអន្តរជាតិ

កាសែត New York Times៖ ណាតូបានបែកបាក់គ្នា ជុំវិញបញ្ហារុស្ស៊ី

បរទេស៖ ខណៈដែលរដ្ឋមន្ត្រីការបរទេសណាតូ ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលក្នុងសប្តាហ៍នេះ ដើម្បីសម្រេចចិត្តលើវិធីគាំទ្រអ៊ុយក្រែនបន្ថែមទៀតក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី នោះ ស្រាប់តែសមាជិកនៃប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ផ្ទុះជម្លោះលើយុទ្ធសាស្ត្រអ្វីដែលត្រូវអនុម័តចំពោះទីក្រុងមូស្គូ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីលោកខាងលិច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកាសែត New York Times បានឱ្យដឹងថា ប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិកជាច្រើន បានតស៊ូដើម្បីបំបាក់ទាំងស្រុងនៅក្នុងទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ក្នុងគោលបំណង “ធ្វើឱ្យរុស្ស៊ីលុតជង្គង់” ។ ទន្ទឹមនឹងនោះ ប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ បារាំង និងទួរគី តាមសេចក្តីរាយការណ៍បានប្រកែកថា មិនអាចបង្ខិតបង្ខំឱ្យរុស្ស៊ីចូលសន្តិភាពបានទេ ដូច្នេះ គេរាយការណ៍ថា ចង់បន្តការសន្ទនាជាមួយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។

រឿងមួយដែលរដ្ឋណាតូទាំងអស់យល់ស្រប បើយោងតាមការចេញផ្សាយនោះ គឺថាជម្លោះអ៊ុយក្រែនបានឈានចូលដំណាក់កាលមិនច្បាស់លាស់ ហើយទំនងជាមិនត្រូវបានដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ នោះទេ។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានអះអាងថា កងទ័ពរុស្ស៊ីកំពុងប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីមួយ៕ប្រែសម្រួលៈ ណៃ តុលា

To Top