ព័ត៌មានអន្តរជាតិ

ឥណ្ឌា ទិញ​ប្រេង​រុស្ស៊ី ​ជាមួយនឹងការបញ្ចុះ​តម្លៃ បើ​ទោះ​ជា​មានសម្ពាធពីអាមេរិក

ញូវដេលី៖ ឥណ្ឌា ​បាន​ទិញ​ប្រេង​ឆៅ ​យ៉ាង​ហោច​ណាស់ ១៣ លាន​បារ៉ែល​ពី​រុស្ស៊ី ចាប់​តាំង​ពី​ថ្ងៃទី២៤ ខែ​កុម្ភៈ​មក ធៀបនឹងជិត ១៦លានបារ៉ែលក្នុងឆ្នាំ២០២១ ដែលបានផ្តល់ឱ្យនូវការបញ្ចុះតម្លៃដ៏ធំ ដែលផ្តល់ដោយទីក្រុងម៉ូស្គូ ចាប់តាំងពីវិបត្តិអ៊ុយក្រែន បើទោះជាមានសម្ពាធពីអាមេរិកក៏ដោយ។

តម្លៃ​ប្រេងឆៅ​កំពុង​ឡើង​ថ្លៃ ​ក្នុង​ទីផ្សារ​អន្តរជាតិ​ដោយ​ជម្លោះ​រុស្ស៊ី​ និង​អ៊ុយក្រែន ​ត្រូវបាន​លាតត្រដាង។ ទីក្រុងញូវដេលី បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែបានបដិសេធមិនបោះឆ្នោត លើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីប្រតិបត្តិការយោធា បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើង ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តក៏ដោយ។

ប្រទេសឥណ្ឌា គឺជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីបី របស់ពិភពលោក ហើយបាននាំចូលជាង ៨០ ភាគរយនៃវាពីប្រទេសផ្សេងទៀត ដើម្បីបំពេញតម្រូវការរបស់ខ្លួន។  កាលពីឆ្នាំមុន ការផ្គត់ផ្គង់ប្រេងភាគច្រើនរបស់ឥណ្ឌា បានមកពីមជ្ឈិមបូព៌ា បន្ទាប់មកមានបរិមាណគួរឱ្យកត់សម្គាល់ ពីសហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា។

នៅឆ្នាំ២០២១ ប្រទេសរុស្ស៊ីមានត្រឹមតែប្រហែល ២ភាគរយនៃការនាំចូលប្រេងសរុប របស់ប្រទេសឥណ្ឌា។ បន្ទាប់ពីលោកខាងលិចដាក់ទណ្ឌកម្មលើរុស្ស៊ី ទីក្រុងមូស្គូបាន និងកំពុងស្វែងរកទីផ្សារថ្មី សម្រាប់ការនាំចេញប្រេងរបស់ខ្លួន ដោយផ្តល់ការបញ្ចុះតម្លៃ។  ក្រុមហ៊ុន​ឥណ្ឌា​បាន​ឆ្លៀត​ឱកាស ​បង្កើន​ការ​នាំ​ចូល​ពី​រុស្ស៊ី និង​បាន​ដាក់​ការ​បញ្ជា​ទិញ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី ក្រុមហ៊ុនទាំងនេះកំពុងប្រឈមមុខ នឹងបញ្ហាអំពីរបៀបផ្តល់ហិរញ្ញប្បទាន ដល់ការទិញបញ្ចុះតម្លៃទាំងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top