ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ប្រធានទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានសង្ឃឹមកាលពីថ្ងៃអាទិត្យថា សន្តិភាព នឹងឈ្នះក្នុងសង្គ្រាម ដោយជនជាតិអ៊ុយក្រែន ជាង៤,៨លាននាក់ បានភៀសខ្លួនចេញពីប្រទេស របស់ពួកគេចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។
លោក Filippo Grandi ប្រធានឧត្តមស្នងការការពារជនភៀសខ្លួន ហៅកាត់ថា UNHCR “នៅគ្រាដែលគ្រីស្ទ បរិស័ទប្រារព្ធការរស់ឡើងវិញកាលពីថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរដ៏ក្រៀមក្រំនេះ យើងត្រូវសង្ឃឹមយ៉ាងមុតមាំថា នៅប៉ុន្មានថ្ងៃ ខែ និងឆ្នាំខាងមុខ វិធីសាស្ត្រ និងភាសានៃសង្រ្គាមនឹងមិនឈ្នះលើអ្វីនោះទេ ពិបាកជាង ស្មុគស្មាញជាង ដែលនាំទៅរកសន្តិភាព” ។
ប្រធាន UNHCR បានលើកឡើងថា ជនជាតិអ៊ុយក្រែន ៤.៨៦៩.០១៩លាននាក់ បានចាកចេញពីប្រទេស ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន នៅថ្ងៃទី២៤ ខែកុម្ភៈ កើនឡើងចំនួន៣២.៥៧៤ នៅត្រឹមថ្ងៃសៅរ៍ ។
អង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (IOM) ឲ្យដឹងថា ជនជាតិទី៣ជិត២១៥.០០០ នាក់ ដែលភាគច្រើនជានិស្សិត និងពលករចំណាកស្រុកក៏បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដែលមានន័យថាមនុស្សជាង៥លាននាក់ បានភៀសខ្លួនចេញ ពីប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ៕
ដោយ៖ ម៉ៅ បុប្ផាមករា