ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ៖ GMAC បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងដៃគូ ក្នុងការចរចាបើកទីផ្សារបន្ថែម

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្ត អភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ។

កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តីបន្តបញ្ជាក់ថា «GMAC បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត ក្នុងការចរចាបើកទីផ្សារបន្ថែម ក៏ដូចជាការកសាងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងប្រែក្លាយវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពផ្នែកបរិស្ថាន មានភាពធន់និងតម្លៃបន្ថែមច្រើន ព្រមទាំងមានភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដ៏ដូចជាពិភពលោក» ។

លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួល យ៉ាងច្រើន ដល់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំចរចារបើកទីផ្សារ បន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច (ATIGA, ASEAN+ និង RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកម្ពុជា-កូរ៉េ (CKFTA) ជាដើម។ ជាងនេះទៅទៀត ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ បន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ផងដែរ។

ជាមួយគ្នានេះលោកឧកញ៉ា គង់ សាង ប្រធានសមាគមនរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម។

លោកឧកញ៉ាកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣ ១៥៥លានដុល្លារ ក្នុងនោះ សម្លៀកបំពាក់មានចំនួន ២ ១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១ លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន១២៨លានដុល្លារ (កំណើន ១១%)៕

To Top