បរទេស៖ កោះតៃវ៉ាន់ បានសង្កេតមើលជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ហើយបានទាញមេរៀនជាច្រើន សម្រាប់ការប្រឈមមុខដាក់គ្នា ជាមួយចិនដីគោក។ នេះបើតាមរដ្ឋមន្ត្រីការបរទេស របស់កោះតៃវ៉ាន់ លោក Joseph Wu បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Wu បានទាញហេតុផលថា រដ្ឋាភិបាលទីក្រុងប៉េកាំង ស្ទាក់ស្ទើរក្នុងការផ្លាស់ទី នៅលើកោះនេះ ដោយសារតែអ្វីដែលគាត់ បានពិពណ៌នាថា ជាការខ្វះខាតរបស់ រុស្ស៊ីនៅក្នុងអ៊ុយក្រែន និងការឆ្លើយតប របស់សហគមន៍អន្តរជាតិ។
លោក Wu បានប្រាប់ទូរទស្សន៍ CNN ថា “កោះតៃវ៉ាន់កំពុងមើលរឿងនេះ យ៉ាងយកចិត្តទុកដាក់។ “យើងព្យាយាមមើលអ្វី ដែលយើងអាចរៀនពីអ៊ុយក្រែន ក្នុងការការពារខ្លួនយើង” ។
លោក Wu បានពណ៌នាអ៊ុយក្រែនថា ជា “នៅខ្សែរជួរមុខប្រឆាំងនឹង ការពង្រីកខាងក្រៅរបស់រុស្ស៊ី” ហើយបានចោទរុស្ស៊ីថា បានប្រើប្រាស់យោធា “ដើម្បីភាពរុងរឿងជាប្រវត្តិសាស្រ្តរបស់ខ្លួន” នៅក្នុងអ្វីដែលគាត់បាននិយាយថា គឺវាស្របទៅនឹងស្ថានភាពចិន-តៃវ៉ាន់។
ចំណុចធំពីររបស់ កោះតៃវ៉ាន់ ចេញពីជម្លោះនេះគឺថា អ៊ុយក្រែនកំពុងប្រើ “អាវុធផ្ទាល់ខ្លួនតូចៗ ដើម្បីទប់ទល់នឹងសត្រូវដ៏ធំ” ហើយប្រជាជនជាបុរស មានកម្លាំងចិត្តខ្លាំង “ពួកគេចង់បម្រើក្នុងជួរកងទ័ព ពួកគេចង់ទៅតំបន់សង្គ្រាម ដើម្បីប្រឆាំងនឹងរុស្ស៊ី។ ស្មារតីបែបនេះគឺគួរឱ្យចង់បាន សម្រាប់ប្រជាជនតៃវ៉ាន់៕
ប្រែសម្រួលៈ ណៃ តុលា