បរទេស៖ ទីក្រុងវ៉ាស៊ីនតោនគួរតែត្រូវបានបញ្ចូលទៅក្នុង “បញ្ជីឧក្រិដ្ឋជនសង្រ្គាម” ព្រោះថា ឥឡូវនេះអាមេរិកកំពុងចូលរួមដោយផ្ទាល់នៅក្នុង “អរិភាព” នៅអ៊ុយក្រែន។ នេះបើតាមប្រធានរដ្ឋ Duma គឺលោក Vyacheslav Volodin របស់រុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍ ដោយដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការចោទប្រកាន់ អំពីការចែករំលែកព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់មន្ត្រីស៊ើបការណ៍សម្ងាត់ថា “ការលេចធ្លាយដែលធ្វើឱ្យខូចប្រយោជន៍” អំពីការចែករំលែកទិន្នន័យជាមួយអ៊ុយក្រែន គួរតែបញ្ឈប់។
ទោះបីជាមិនមានប្រតិកម្មជាផ្លូវការ ចំពោះរបាយការណ៍ពីអាជ្ញាធរសហរដ្ឋអាមេរិកក៏ដោយ ក៏លោក Volodin បានលើកឡើងនៅលើបណ្តាញ Telegram ដោយលោកថា “សហរដ្ឋអាមេរិកកំពុងចូលរួម ក្នុងអរិភាពនៅអ៊ុយក្រែន។ លោកប្រធានាធិបតីអាមេរិក Biden ដែលទាមទារឲ្យបញ្ឈប់ការលេចធ្លាយអំពីការផ្លាស់ប្តូរព័ត៌មានចារកម្មជាមួយអ៊ុយក្រែន បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានលាតត្រដាងហើយ»។
លោក Volodin បាននិយាយទៀតថា រដ្ឋាភិបាលអ៊ុយក្រែន ដែលលោកបានពណ៌នាថាជា “របប Kiev Nazi” មិនត្រឹមតែពឹងផ្អែកលើអាវុធពីលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏ពឹងផ្អែកលើ “ជំនួយរបស់កងកម្លាំងចារកម្មអាមេរិក” ផងដែរ។
ប្រធាន Duma បានសរសេរទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន “សម្របសម្រួល និងបង្កើតប្រតិបត្តិការយោធា ជាចាំបាច់” នៅក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយ គឺអាមេរិកកំពុងចូលរួមដោយផ្ទាល់នៅក្នុង “អរិភាព” ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា