ព័ត៌មានជាតិ

ខ្មែរខ្លាំងមិនអាស្រ័យ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង

ភ្នំពេញ៖​ លោក ហ៊ុន ម៉ាណែ​ត​ ថ្លែងនៅក្នុងពិធីរាត្រីសមោសរជួបជុំ​ ម្ចាស់អាជីវកម្ម CEO Master Award2019 នៅសណ្ឋាគារសុខាភ្នំពេញថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩​ ថា​ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេសខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

លោក​ លេីកឡេីងថា​ “ប្រទេសយើងរីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។
ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេសខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។ “

បេីតាមលោក​ ម៉ាណែត​ វិស័យឯកជនខ្មែរខ្លាំងគឺជាកត្តាមួយដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត ព្រោះថាក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាទេ ព្រោះជាប្រទេសរបស់យើង ផ្ទុយពីការវិនិយោគរបស់បរទេសគេអាចលើកទៅប្រទេសផ្សេង ប៉ុន្តែកម្ពុជាទោះបីមានលទ្ធភាពពង្រីកទៅប្រទេសផ្សេងក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យ ខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង។

លោកបន្តថា​ “ប្រទេសជាតិយើងរីកចម្រើនបាន​ ដោយសារប្រទេសយើងមានប្រជាជនខ្លាំង មានប្រជាជនដែលមានចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ និងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការលើកស្ទួយសេដ្ឋកិច្ច ក្នុងនោះវិស័យឯកជនមានសារៈសំខាន់សំខាន់ ជាមួយនិងវិស័យរដ្ឋ និងវិស័យផ្សេងៗទៀតក្នុងក្របខណ្ឌទីផ្សារសេរី ដែលរាជរដ្ឋាភិបាលមានតួនាទីជំរុញឲ្យវិស័យឯកជនខ្លាំង តាមរយៈការពង្រឹងផ្នែកច្បាប់ និងការដោះស្រាយវិវាទផ្សេងៗ លើកទឹកចិត្តនិងមានប្រព័ន្ធការងារដើម្បីឲ្យវិស័យឯកជនរីកចម្រើន។ “

លោកជឿជាក់ថា​ ការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននិមួយៗគឺមិនខុសពីប្រទេសជាតិនោះទេ គឺយើងមើលចំណុចពីរ ទី១គឺកំណើនដែលផ្ដោតលើតួលេខ និងលទ្ធផល។ ទី២គឺកម្រិតនៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់គឺ​ កត្តាមនុស្ស(People) និងកត្តារបៀបរបបការងារ (Process) ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព នៃការរីកចម្រើនរបស់ក្រុមហ៊ុន របស់វិស័យឯកជន និងរបស់ប្រទេសជាតិ។

ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសុខភាព សមត្ថភាព ចំណេះដឹង និងការទទួលខុសត្រូវ និងប្រធានក្រុមហ៊ុនដែលមានសមត្ថភាព និងសីលវិធីក្នុងការដឹកនាំ ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យ និងរួមគ្នាដើម្បីឲ្យវិស័យឯកជនជោគជ័យ វិស័យឯកជនជោគជ័យ​ ធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងជោគជ័យ។ នេះគឺជាមូលដ្ឋានសំខាន់ និងជាការចូលរួមចំណែករបស់ CEO Master Club និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងអស់។

ជាការពិត ប្រទេសអភិវឌ្ឍនៅលើសកលលោកដែលមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះសម្បូរទៅដោយសហគ្រិនមានសមត្ថភាពពូកែអាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពីគ្រប់ទិសទីនៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេដែលធ្វើអោយសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។

រាជរដ្ឋាភិបាលកម្ពុជា​ តែងតែចាត់ទុកវិស័យឯកជន​ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដនៅក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជន​ គឺជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗ​ លើវិស័យឯកជន​ ក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា។

លោក​ ក៏បានលើកទឹកចិត្តឲ្យសហគ្រិនកម្ពុជាទាំងអស់​ បន្តខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង ចាត់ចែង អាជីវកម្មឲ្យកាន់តែរីកចម្រើនរឹងមាំប្រសើរថែមទៀត ជាពិសេសត្រូវទាញយកប្រយោជន៍ជាតិ​ អតិបរិមាពីសក្តានុពលដែលកម្ពុជាកំពុងមាន គឺកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ ហើយសេដ្ឋកិច្ចកម្ពុជា​ រឹងមាំបែបនេះឆ្នាំខាងមុខទៀត ទោះបីមានហានិភ័យតិចតួចនៃការថយចុះកំណើនសេដ្ឋកិច្ចសកលលោកក៏ដោយ៕

To Top