ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានរៀបចំយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់ដល់និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។
នាពេលកន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ របស់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង សាធារណៈនិងឯកជន ជាមួយ ឧស្សាហករថ្នាំជក់។
សេចក្តីណែនាំនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និងឧស្សាហកម្មថ្នាំជក់មានទំនាស់ ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សារបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កអោយញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។
ក្រសួង ដាក់ចេញសេចក្តីណែនាំនេះ ដោយសង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ ឬយល់ច្រឡំក្នុងការកៀរគរ ការគាំទ្រពីឧស្សាហករថ្នាំជក់ ដែលបណ្តាលឲ្យមានការប្រើប្រាស់ ស្លាកសញ្ញាពាណិជ្ជកម្មតាំង នៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។ ការឧបត្ថម្ភរបស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ។
លើសពីនេះ សេចក្តីណែនាំនេះ គឺជាការចូលរួមរបស់ក្រសួងអប់រំ ក្នុងការអនុវត្តវិធានការហាមឃាត់ ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុង ដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុង របស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ឧបត្ថម្ភកម្មវិធីនានាដើម្បី៖ បង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេច បង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ ក៏បានប្រើប្រាស់ការ ឧបត្ថម្ភដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយ ការពារសុខភាពប្រកបដោយប្រសិទ្ធភាព។
ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានឲ្យតម្លៃខ្ពស់ទៅលើការ ខិតខំប្រឹងប្រែងខាងលើរបស់ ក្រសួងថា «សេចក្តីណែនាំនេះមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឲ្យមានការជ្រៀតជ្រែក របស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែងលើក កំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា»។
សូមរំលឹកថា ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយ នៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋ ត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវ របស់អង្គការសហប្រជាជាតិ ៕