ពោធិ៍សាត់៖ ក្មេងទំនើង ២ នាក់ដែលបានយកដុំថ្មដេញគប់លោកសង្ឃ និង កូនសិស្សលោក នៅក្នុងវត្តមុនីឧត្តម ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនកាលពីថ្ងៃកើតហេតុថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២២ រួចបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចាត់ការតាមនិតិវិធីបន្ត។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានអោយដឹងថា ក្មេងទំនើងដែលកម្លាំង សមត្ថកិច្ចនគរបាលឃាត់ខ្លួនបាននោះរួមមានះ១ ឈ្មោះមិត្ត ម៉ៅ ភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរ រស់នៅ ក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង និង ទី២ ឈ្មោះស៌ុយ រិទ្ធី ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែររស់នៅក្នុង ភូមិស្តុកជុំ ឃុំកោះជុំស្រុកកណ្តៀង ខេត្តពោធិសាត់។
បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រុកកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី៕