ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ព្រមានដល់ប្រទេសលីទុយអានី ក្រោយហាមឃាត់ការផ្ទេរទំនិញ តាមរថភ្លើងឆ្លងដែនដីរបស់រុស្ស៊ី

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានព្រមានប្រទេសលីទុយអានីអំពីផលវិបាក “ធ្ងន់ធ្ងរ” បន្ទាប់ពីខ្លួនបានហាមឃាត់ ការផ្ទេរទំនិញតាមរថភ្លើងទៅកាន់ដែនដី Kaliningrad របស់ប្រទេសរុស្ស៊ី ។ មន្ត្រីសន្តិសុខជាន់ខ្ពស់លោក Nikolai Patrushev បានឲ្យដឹងថា ប្រទេសរុស្ស៊ី “ពិតជានឹងឆ្លើយតបទៅនឹង សកម្មភាពអរិភាពបែបនេះ” ។

ប្រទេសលីទុយអានី បានឲ្យដឹងថា ខ្លួនធ្វើតាមតែការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបជុំវិញការឈ្លានពាន របស់ក្រុងម៉ូស្គូមកលើអ៊ុយក្រែន ។

ក្រុង Kaliningrad តំបន់យុទ្ធសាស្ត្រដែលកងនាវាចរ បាល់ទិករបស់រុស្ស៊ី មានទីស្នាក់ការ មិនមានព្រំដែនជាមួយរុស្ស៊ី ដីគោកទេ ។

ទឹកដីភាគខាងលិចត្រូវបាន បញ្ចូលពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ហើយមានព្រំប្រទល់ជាប់ ដោយសហភាពអឺរ៉ុប (EU) និងសមាជិក NATO លីទុយអានី និងប៉ូឡូញ ។ តំបន់នេះពឹងផ្អែកយ៉ាងខ្លាំងលើ ផ្លូវដែកឆ្លងកាត់ប្រទេសលីទុយអានី ។

សហភាពអឺរ៉ុបបានបន្លឺ នូវសេចក្តីថ្លែងការណ៍របស់លីទុយអានី ដោយលើកឡើងថា ប្រទេសនេះគ្រាន់តែអនុវត្តទណ្ឌកម្ម ដែលដាក់ដោយសហភាពអឺរ៉ុប ដែលជាលទ្ធផលនៃការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top