ភ្នំពេញ៖ តាមការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឆ្នាំ ២០២១ បានបង្ហាញពីទិដ្ឋភាពជារួមនៃ ការទូទាត់ដែលកំពុងតែមានការផ្លាស់ប្តូរ យ៉ាងលឿននៅក្នុងប្រទេសកម្ពុជា ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល។ បច្ចុប្បន្ន ១៤% (ដប់បួនភាគរយ) នៃអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនបានប្រើប្រាស់សាច់ប្រាក់សុទ្ធទេ ហើយនិន្នាការនេះត្រូវបានគេសង្កេតឃើញថា អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានភាពឈានមុខគេ នេះបើយោងតាមតួលេខបង្ហាញ (ដែលមានប្រមាណរហូតដល់ ៣៦%)។
បើមើលទៅតាមប្រភេទដែ លអ្នកប្រើប្រាស់និយម ការប្រើប្រាស់កាបូបអេឡិចត្រូនិក (e-Wallet) និង កាត គឺជាជម្រើសលេចធ្លោនៅក្នុងទីផ្សារ។ បច្ចុប្បន្នការទូទាត់ទាំងពីរប្រភេទនេះ ត្រូវបានប្រើប្រាស់ដោយប្រជាជនកម្ពុជាប្រមាណ ២៥% ពោលគឺយ៉ាងហោចណាស់ ៤នាក់ ក្នុងចំណោម ១០នាក់នឹងប្រើប្រាស់ជម្រើសមួយក្នុងចំណោមជម្រើស២ ប្រភេទនេះ។ ក្នុងនោះដែរប្រមាណ ១៤ ភាគរយ ប្រើទាំងកាបូបអេឡិចត្រូនិច និងកាត។ បន្ថែមលើសពីនេះ ការទូទាត់តាមរយៈ QR កូដ និង ការឆូត ឬ បញ្ចូលកាត ត្រូវបានគេមើលឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងត្រូវបានប្រជាប្រិយភាព នៅក្នុងទីផ្សារច្រើនជាងមធ្យោបាយ នៃការទូទាត់ដោយមិនប្រើ សាច់ប្រាក់សុទ្ធផ្សេងៗទៀត។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាទទួលយកការទូទាត់ តាមរយៈឌីជីថលយ៉ាងឆាប់រហ័ស នេះគឺដោយសារតែការពេញចិត្តនឹងភាពងាយស្រួល និងសុវត្ថិភាព។ ក្រុមហ៊ុនVisa កំពុងផ្តល់ជូនភាគីពាក់ព័ន្ធទាំងអស់នូវដំណោះស្រាយ និងការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីអាចឲ្យយើងទាំងអស់គ្នាអាចបោះជំហាន ទៅមុខប្រកបដោយផាសុកភាពនៅក្នុង ស្ថានភាពនៃសេដ្ឋកិច្ចឌីជីថលដែល កំពុងតែរីកចម្រើនរបស់កម្ពុជា»។
ជាមួយការបែងចែកយ៉ាងច្បាស់លាស់នៃ អាយុអ្នកប្រើប្រាស់នៅក្នុង ការសិក្សានៃការទូទាត់ ភាគច្រើននៃអ្នកដែលចូលចិត្ត ប្រើប្រាស់សាច់ប្រាក់សុទ្ធ (ដែលមានប្រមាណ ៧៨%) គឺជាមនុស្សចាស់។ ទន្ទឹមនឹងនេះ ជម្រើសទូទាត់តាមរយៈការ មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺមានប្រជាប្រិយភាពបំផុត ក្នុងចំណោមក្រុមមនុស្សអាយុ ចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ (មនុស្សជំនាន់ Z និង ជំនាន់ Y) មានប្រមាណជា ២១ ភាគរយ ដែលចូលចិត្តរបស់ពួកគាត់ គឺការទូទាត់តាមរយៈ QR កូដ។ ការ ទូទាត់ប្រាក់ តាម រយៈការប្រើ កាត ក៏មានការ ពេញនិយមប្រហាក់ប្រហែលគ្នាផងដែរ ក្នុងចំណោមក្រុមមនុស្សវ័យនេះ។ វិធីសាស្ត្រទូទាត់របស់ អ្នកប្រើប្រាស់ប្រើជាប្រចាំ – គឺសំដៅទៅលើវិធីសាស្ត្រទូទាត់ដែល អ្នកប្រើប្រាស់ជ្រើសប្រើញ៉ឹកញ៉ាប់បំផុត យ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។
អ្នកប្រើប្រាស់ប្រភេទនេះ មានយ៉ាងហោចម្នាក់ក្នុងចំណោម ៥ នាក់ បាននឹងកំពុងប្រើប្រាស់វា ហើយជានិច្ចកាលនិយមប្រើប្រាស់ ជាមួយនឹងការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និង កាតអនឡាញ។ សម្រាប់ការប្រើប្រាស់កាត ស្ទើរតែពាក់កណ្តាលនៃចំនួន កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless និងត្រូវបានប្រើយ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍។ លើសពីនេះ ប្រទេសកម្ពុជាបាននាំមុខគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅលើអ្នកប្រើប្រាស់កម្មវិធីធនាគារចល័ត ជាលើកដំបូងច្រើនជាងគេបំផុត ក្នុងអំឡុងពេលមានជំងឺរាតត្បាត (ប្រមាណជា ២៩%) ។
ជាការពិតណាស់ វិធីសាស្ត្រទូទាត់តាមរយៈការឆូត ឬ បញ្ចូល កាត បានកើនឡើងដល់ ២៣ភាគរយ នៅក្នុងទីផ្សារ ដែលច្រើនជាងកាលពីឆ្នាំមុនពីរដង។ ទន្ទឹមនឹងនេះ មានអ្នកប្រើប្រាស់រហូតដល់ ៤ នាក់ក្នុងចំណោម ១០នាក់ ចាប់អារម្មណ៍ក្នុងការសាកល្បងប្រើប្រាស់ កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ។ អ្នកប្រើប្រាស់ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់ ៤០ឆ្នាំ មានចំណាប់អារម្មណ៍ខ្លាំងបំផុត ដែលប្រហែលជាងមួយភាគបី គឺចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់មួយនេះ។
អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ «កាតដែលមានផ្ទុកបច្ចេកវិទ្យា Contactless គឺជាវិធីសាស្ត្រទូទាត់មានការច្នៃប្រឌិត ចុងក្រោយបំផុតដែលកំពុងពេញនិយម នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនបទពិសោធន៍ ប្រតិបត្តិការដែលកាន់តែរហ័ស មានសុវត្ថិភាព និងងាយស្រួលជាងមុន។ អ្នកប្រើប្រាស់ ជាពិសេសក្មេងៗជំនាន់ក្រោយ ចង់ឃើញដំណោះស្រាយ និងការទទួលយកវិធីសាស្ត្រ ទូទាត់តាមរយៈបច្ចេកវិទ្យា contactless ឲ្យកាន់តែទូលំទូលាយ។ ក្នុងនាមជាប្រព័ន្ធពាណិជ្ជកម្ម ដែលគួរឱ្យទុកចិត្តមួយ ក្រុមហ៊ុន Visa ចង់ប្រើសមត្ថភាពចម្រុះនៃបណ្តាញរបស់យើង ដើម្បីជួយដល់ការអភិវឌ្ឍ រូបវន្តបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចឲ្យមានការរីកចម្រើន» ៕