ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។

លើសពីនេះ ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។

សូមបញ្ជាក់ថា នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									