ព័ត៌មានជាតិ

តំណាងអយ្យការកោះហៅ ពាណិជ្ជករល្បី ឈ្មោះ សោម សម្បត្តិ ចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើស រំលោភលើទំនុកចិត្ត និង ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ (Video)

ភ្នំពេញ ៖ លោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានចេញដីកាកោះហៅ និង អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជនសង្ស័យ ដែលមានអាសយដ្ឋាន ផ្ទះលេខ២០៦ ផ្លូវលេខ៣៥ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣ខែសីហា ឆ្នាំ២០២២ ដើម្បីសាកសួរបំភ្លឺពីដំណើររឿង តាមពាក្យបណ្ដឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍ មេធាវី គឹម រ័ត្ននិមល មេធាវី ឡុង អានន្តបញ្ញា ប្តឹងពីបទ រំលោភលើទំនុកចិត្ត បទ រំលោភលើភាពល្ងង់ខ្លៅ ឬ ភាពទន់ខ្សោយ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ លួចលក់អចលនវត្ថុអ្នកដ៏ទៃ ដែលមិនមែន ជាកម្មសិទ្ធិរបស់ខ្លួន បទ បំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី ។

យោងតាមដីកាកោះរបស់ លោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តិ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយក លិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើ មកជាមួយផង ប្រសិនបើមាន ។

សូមរំលឹកថា លោកសោម សម្បត្តិ គឺជាពាណិជ្ជករដ៏ល្បីឈ្មោះម្នាក់ និង ជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint៕

ដោយ: លីហ្សា

To Top