ព័ត៌មានជាតិ

Update៖ អភិបាលខេត្តកំពត បញ្ជាឲ្យបញ្ឈប់ ការចាក់ដីរំលោភ ចូលសមុទ្រ ជាបន្ទាន់

កំពត៖ ក្រោយបានចុះត្រួតពិនិត្យ ដោយផ្ទាល់ជាមួយ លោក អេង ជាសាន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលជលផល នៅរសៀលថ្ងៃទី១៩ ​ខែមករា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់ ករណីចាក់ដី រំលោភ ដែនសហគមន៍នេសាទ ព្រែកត្នោត។

គួរកត់សម្គាល់ថា ក្រោយលឺដំណឹង អភិបាលខេត្តកំពត និងមន្រ្តីជំនាញក្រសួងកសិកម្ម ចុះត្រួតពិនិត្យករណីចាក់ដី ចូលសមុទ្រដោយផ្ទាល់ភ្លាមៗ នោះក្រុមរថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ទ ដែលដឹកដី ចាក់បើករថយន្ត គេចខ្លួនអស់រលីង ។

ទាក់ទិន ករណីនេះ ខាងតំណាងសហគមន៍ បានស្នើដល់អភិបាលខេត្ត រិះរកវិធីសាស្រ្ត ធ្វើយ៉ាងណាកាយដី ដែលបាក់រំលោភនោះ ចេញវិញ ។

ប្រភព ព័ត៌មាន នានាបានឲ្យដឹងបន្ថែមថាការចាក់ដីនេះអាចដំណើរការ បានរលូនដោយសារមាន​ ការយកឈ្មោះមន្រ្តីរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការក្រសួង ដែលមានឥទ្ធិពលមួយ មកបាំងមុខ។ អ្វីដែលគួរឲ្យកត់សម្គាល់ នោះការចាក់ដីរំលោភ យកដែនសហគមន៍នេសាទ ព្រែកត្នោតនេះ មានការប្រើប្រាស់ ឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ផងដែរ។

គូសបញ្ជាក់ថា​ ខេត្តកំពត មានសហគមន៍ទេសចរណ៍ចំនួន ៤កន្លែង ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ន មានដូចជាសហគមន៍ ទេសចរណ៍ព្រែកត្នោត ( អន្លង់ធំ ) សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ កំពង់សាមគ្គី និងសហគមន៍ ទេសចរណ៍បឹងអន្លង់ព្រីង ។ សហគមន៍អេកូទេសចរណ៍ ព្រែកត្នោត មានទីតាំងស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕

To Top