ព័ត៌មានជាតិ

គណបក្ស៤ ដាក់ញត្តិនៅរដ្ឋសភា ស្នើមិនឲ្យអនុម័ត វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ ៖ ទោះមិនទាន់ដឹង ពីពេលវេលាច្បាស់លាស់ រដ្ឋសភាកម្ពុជា នឹងធ្វើការអនុម័តសេចក្តីព្រាងស្នើច្បាប់ ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅពេលណានោះ ក្រុមគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានរួមគ្នាដាក់ញត្តិមួយច្បាប់ ជូនសភា ដើម្បីស្នើកុំឲ្យអនុម័ត។

ការស្នើមិនឲ្យអនុម័តនេះ ត្រូវបានលោក យ៉េង វីរៈ ប្រធានគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការដាក់ញត្តិថា សេចក្តីព្រាងវិសោធនកម្មនេះ មិនផ្តល់ផលប្រយោជន៍ជាតិជាធំទេ និងប៉ះពាល់ដល់ការស្វែងរកយុត្តិធម៌ ជូនពលរដ្ឋជាម្ចាស់ឆ្នោត។ លោកថា “យើងមិនគាំទ្រទេ ញត្តិយើង ហើយយើងសុំមិនឲ្យអនុម័ត”។ លោកបញ្ជាក់ថាបន្ថែមថា វិសោធនកម្មនេះ ក៏ជាការកាត់បន្ថយ អំណាចរបស់រដ្ឋសភា មួយកម្រិតដែរ ។

បើតាមលោកយ៉េង វីរៈដដែល ញត្តិដាក់នេះ គឺខាងគណៈកម្មការទី១បានចេញមកទទួល តែមិនទាន់ដឹងថា នឹងតបមកខាងលោកពេលណានោះទេ ។ លោកក៏បារម្ភថា បើឆ្លើយតបយឺត នឹងធ្វើឲ្យរដ្ឋសភាអនុម័តមុន ។

សេចក្តីស្នើច្បាប់នេះត្រូវគណៈអចិន្រ្តៃយ៍រដ្ឋសភាអនុម័យទទួលយក កាលពីថ្ងៃ១៩ កក្កដា ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញសិក្សាលំអិតបន្ថែម បន្ទាប់ពីឆ្លងផុតពីគណៈរដ្ឋមន្រ្តីកាលពីថ្ងៃ១៣ កក្កដា ។
ពាក់ព័ន្ធនឹងការស្នើសុំរដ្ឋសភា មិនឲ្យអនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញនេះដែរ លោក សុខ ឥសាន បានលើកជាទស្សនថា រដ្ឋសភាជាស្ថាប័នកំពូលរបស់ជាតិ និងជាតំណាងប្រជាពលរដ្ឋខ្មែរទទាំងប្រទេស ដូច្នេះ ការធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ ដើម្បីបម្រើសំណូមពរ បស់ប្រទេសជាតិ មិនអាចជនណា,មជ្ឈដ្ឋានណា មករារាំងបានជាដាច់ខាត ។

ចំពោះមតិ លោក យ៉េង វីរៈថា កាត់បន្ថយអំណាចសភា នោះលោក សុខ ឥសានតបថា កាត់បន្ថយស្អី បើរដ្ឋសភាបំពេញតួនាទី ស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ៕

To Top