ព័ត៌មានជាតិ

កម្ពុជា បង្កើតគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់​ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន (Video)

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សិក្ខាសាលារបស់ DEAL Group ក្រោមប្រធានបទ «ការពន្លឿនសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន» នាថ្ងៃទី២៧ កក្កដា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញកាឡានុវត្តភាព និងផលប្រយោជន៍ នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមាន ៖ ការបង្កើតគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិ និងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

លោក បន្ដថា ការធ្វើសមាហរណកម្មឌីជីថល ក្នុងកម្រិតតំបន់អាស៊ាន បន្ថែមលើ AEC Blueprint ២០២៥ ដែលមានដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥, ក្របខណ្ឌអាស៊ាន សម្រាប់ការការពារទិន្នន័យផ្ទាល់ខ្លួន, និងផែនការសកម្មភាព យុទ្ធសាស្ដ្រអាស៊ាន សម្រាប់ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀងអាស៊ានស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, និងBandar Seri Begawan Roadmap។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា៖ ការសិក្សាលទ្ធភាព ម៉ូដែលបញ្ជូនបច្ចេកវិទ្យា សម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មី ក្នុងតំបន់អាស៊ាន»។

នាឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានបង្ហាញនូវសេចក្ដីជឿជាក់ថា សិក្ខាសាលានេះនឹងផ្តល់ នូវឱកាសដ៏ល្អមួយដល់វាគ្មិន និងអ្នកចូលរួមមកពីស្ថាប័នរដ្ឋាភិបាល និងឯកជន ពិភាក្សា-ផ្លាស់ប្ដូរយោបល់គ្នា ទៅវិញទៅមក ដើម្បីចូលរួមចំណែក ធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន កាន់តែទូលំទូលាយ និងប្រកបដោយបរិយាបន្ន៕

To Top