តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនផលិតកម្មប្រេងឆៅរបស់ខ្លួនទៅកាន់កម្រិតមុនការដាក់ទណ្ឌកម្មនៅពេលវេលាដំបូងបំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែនអង្គការ OPEC លើកទី៣១ ដែលត្រូវបានប្រារព្ធឡើងតាមរយៈសន្និសីទវីដេអូ រាយការណ៍ពីគេហទំព័ររបស់ក្រសួងប្រេងអ៊ីរ៉ង់។
លោក Owji បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលលោកខាងលិចធំៗនឹងយល់បានត្រឹមត្រូវអំពីស្ថានភាពរសើប និងសំខាន់នាពេលបច្ចុប្បន្នរបស់ពិភពលោក ហើយទទួលយកវិធីសាស្រ្តសមហេតុផលឆ្ពោះទៅរកការធានាសន្តិសុខថាមពលសកល។
លោកបានព្រមានថា រដូវរងាឆ្នាំនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពិភពលោកទាំងមូល ជាពិសេសអឺរ៉ុប ដោយអំពាវនាវឲ្យអឺរ៉ុបគិតគូរដំណោះស្រាយជាមុន។
រដ្ឋមន្ត្រីបានបន្ដថា អ៊ីរ៉ង់បានលើកឡើងជាញឹកញាប់នូវភាពចាំបាច់នៃការលុបចោលនយោបាយលើវិស័យថាមពល ដោយសង្កត់ធ្ងន់ថា ការវិលត្រឡប់នៃប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ទីផ្សារពិភពលោក អាចជួយស្ដារតុល្យភាព និងស្ងប់ស្ងាត់ដល់ទីផ្សារ។
លោកបានបន្ថែមថា អ៊ីរ៉ង់ តែងតែប្រកាន់ជំហរថា ការធ្វើឱ្យខូចសន្តិសុខថាមពលសកល និងការបង្កើនភាពប្រែប្រួលទីផ្សារ គឺជាល្បែងសូន្យសម្រាប់អ្នកលេងទាំងអស់៕ប្រែសម្រួល ឈូក បូរ៉ា