ព័ត៌មានជាតិ

ច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បច្ចុប្បន្នសម្រេចបាន ជាង៥៤%

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ខេត្តបន្ទាយមានជ័យ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បច្ចុប្បន្នសម្រេចបាន ប្រមាណជា៥៤% ហើយ។

ក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចរួមគ្នា ថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន នាថ្ងៃ១៥ សីហា លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ បានថ្លែងថា ការរៀបចំឯកសារ និងការរចនាប្លង់ពាក់ព័ន្ធ ដើម្បីចែកជូនគណៈប្រតិភូក្នុង ពេលបំពេញទស្សនកិច្ច ដើម្បីពិនិត្យមើលលើ ការរៀបចំសំណង់ទាំងមូល និងការរៀបចំជំនួយស្មារតី សម្រាប់ថ្នាក់ដឹកនាំពិនិត្យ។

លោកស្រី ក៏បានស្នើឲ្យបញ្ចូលបញ្ហាសេសសល់ និងមតិយោបល់ដែលបានលើកឡើង នៅក្នុងកិច្ចប្រជុំ នេះទៅក្នុងជំនួយស្មារតី ដើម្បីដាក់ជូន លោកទេសរដ្ឋមន្ត្រី ពិនិត្យ ដើម្បីត្រៀមក្នុងករណីត្រូវលើកឡើង ជាមួយភាគីថៃ ឬដើម្បីយកទៅពិភាក្សា ជាមួយភាគីពាក់ព័ន្ធផងដែរ។

លោកស្រី បញ្ជាក់ថា «វឌ្ឍនភាពនៃការសាងសង់ ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នសម្រេចបាន ប្រមាណជា៥៤%។ វឌ្ឍនភាព និងការសាងសង់ បញ្ចប់ផ្លូវវាងស្នែងក្របី ទីលានចំណតយានយន្ត ការិយាល័យកុងតឺន័រ(ចំនួន៧) បង្គន់អនាម័យ (២) ការចុះត្រួតពិនិត្យជាមុនដើម្បីសម្អាត និងរៀបចំទីតាំង ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ការរៀបចំលំហូរចរាចរណ៍ និងក្បួនគណៈប្រតិភូឆ្លងកាត់ពីទឹកដីថៃ តាមច្រកទ្វារប៉ោយប៉ែត-អារញ្ញប្រាថេត ការរៀបចំខ្លឹមសារឯកសារសង្ខេប គម្រោងសម្រាប់គណៈប្រតិភូ និងជំនួយស្មារតីសម្រាប់ថ្នាក់ដឹកនាំ ការបែងចែកតួនាទី និងភារកិច្ចក្រុមការងារ ទទួលបន្ទុករៀបចំ ក្រុមការងារទទួលបន្ទុក ការងារសម្របសម្រួលជាមួយភាគីថៃ ការងារដែលនៅសេសសល់ មិនទាន់សម្រេច រវាងភាគីប្រទេសទាំងពីរ និងការអញ្ជើញតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមដំណើរទស្សនកិច្ចនេះផងដែរ»៕

To Top