ព័ត៌មានជាតិ

ក្រសួងអប់រំ៖ ការបង្កើតដេប៉ាតឺម៉ង់ សិក្សាវៀតណាម នឹងជួយបង្កើតការងារ សម្រាប់ប្រជាជនខ្មែរ នៅតាមខេត្តជាប់ព្រំដែន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។

ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹង ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដើម្បីជាព្រឹត្តិការណ៍អមនៃ កិច្ចប្រជុំក្រុមប្រឹក្សាសង្គមវប្បធម៌អាស៊ាន។

ក្រសួង បន្ដថា ការបង្កើតវិទ្យាស្ថាននេះ នឹងបណ្ដុះបណ្តាលធនធានមនុស្សកម្ពុជា ដើម្បីយល់ដឹងកាន់តែខ្លាំងពីកិច្ចការ អន្តរជាតិ និងតំបន់ ក្នុងបរិការណ៍ដែល សភាពការណ៍ពិភពលោក និងសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពស្មុគ្រស្មាញ ដែលកើតឡើងដោយសារការ ប្រកួតប្រជែងរវាងមហាអំណាច ការផ្លាស់ប្ដូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស, បដិវត្តឧស្សាហកម្ម ៤.០, និងការកើនឡើងនៃបញ្ហាសកល ដូចជា ការប្រែប្រួល អាកាសធាតុ ជាដើម ដែលទាមទារឲ្យកម្ពុជាត្រូវតែមានភាពធន់ និងត្រៀមខ្លួនឲ្យបានរួចរាល់ និងពេញលេញ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមទាំងនោះ ដើម្បីធាននូវបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្រសួង បន្ថែមថា ព្រមជាមួយគ្នានោះដែរ ការសិក្សាអាស៊ាន និងការសិក្សាភាសានៃប្រទេសអាស៊ាន រួមទាំង ការសិក្សាពីប្រទេសជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ពិតជាមានសារៈសំខាន់ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម, ការវិនិយោគទុន, ទេសចរណ៍, និងការអភិវឌ្ឍនៅតំបន់ព្រំដែន ដូចជា ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសបាវិត នៅជាប់ព្រំប្រទល់ប្រទេសវៀតណាម និងការអភិវឌ្ឍតាមបណ្ដាខេត្ត ដែលនៅ ជាប់ព្រំដែនថៃ និងឡាវ។

ក្រសួងអបរំ បានបញ្ជាក់ថា «ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម សម្រាប់បណ្តុះបណ្តាលលើ មុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្ម ជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា»។

ក្រសួង បន្ដទៀតថា ម៉្យាងវិញទៀត ដេប៉ាតឺម៉ង់សិក្សាវៀតណាម នឹងជួយបណ្ដុះបណ្ដាល ភាសាវៀតណាមរយៈពេល ១ ឆ្នាំ ដល់និស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ ទៅរៀននៅសាធារណរដ្ឋស ង្គមនិយមវៀតណាមជាង ១០០ នាក់ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូត ដល់ថ្នាក់បណ្ឌិតក្នុងមួយឆ្នាំ នាពេលកន្លងទៅ និស្សិតកម្ពុជាមានការលំបាកក្នុងការសិក្សា ដោយសារពួកគេទៅរៀនដោយ មិនបានរៀនភាសាវៀតណាមជាមុន។

ក្រសួង បានឲ្យទៀតថា ក្រៅពីនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបាន និងកំពុងបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រខាងផ្នែក ភាសាអង់គ្លេស ភាសាបារាំង ភាសាជប៉ុន ភាសាចិន ភាសាថៃ និងភាសាកូរ៉េផងដែរ។ លើសពីនេះ សាកលវិទ្យាល័យ ក៏មានរៀបចំការសិក្សាតាមវគ្គខ្លីៗផងដែរ ៕

To Top