ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ កែប្រែទណ្ឌកម្ម យុវជន៣នាក់ពីជាប់គុក ១០ ឆ្នាំ មកនៅត្រឹមជាប់គុក៤ឆ្នាំវិញ ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងមនុស្សឃាត

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២២ កន្លងទៅនេះ បានតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តបាត់ដំបង តែបានធ្វើការកែប្រែបទចោទប្រកាន់របស់ពួកគេ ពីបទ: ប៉ុនប៉ងមនុស្សឃាត តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ មកជាបទ: ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២១៨ វិញ និង បានសម្រេចកែប្រែទណ្ឌកម្មរបស់ពួកគេ ពីត្រូវជាប់ពន្ធនាគារ ១០ ឆ្នាំ មកនៅត្រឹម កំណត់៤ ឆ្នាំ ក្នុងម្នាក់ៗជាប់ពាក់ព័ន្ធករណី ប៉ុងប៉ងឃាតកម្ម ដោយព្រួតគ្នា វាយ និង កាប់ដោយពូថៅទៅយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ប្រព្រឹត្តនៅ ភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៨ ។ តែបើកផ្លូវឱ្យគូភាគី មានសិទ្ធិ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តទួលក្រសាំង ភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក គី ឬទ្ធី ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង ៣នាក់មានឈ្មោះ ៖ ១-ឈ្មោះ ៖ សៅ ថា ភេទប្រុស អាយុ២៥ ឆ្នាំ, ទី២ឈ្មោះ ឆន រឿនភេទប្រុស អាយុ២៣ឆ្នាំ និង ទី៣- ឈ្មោះ វុទ្ធី រស្មី ភេទប្រុស អាយុ២២ឆ្នាំ។

ពួកគេទាំង៣ ស្នាក់នៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ឈន ស្តើង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិទួលក្រសាំង ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ( ត្រូវជាស្គាល់គ្នាជាមួយ ជនជាប់ចោទ) ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ទាំង៣នាក់ ត្រូវបានសាលាដំបូងខេត្តបាត់ដំបង កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ១០ ឆ្នាំ ពីបទ ” ប៉ុងប៉ងឃាតកម្ម ” តាមមាត្រា ២៧ និង ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេ បានប្តឹងឧទ្ទរណ៍ ។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក
ចាប់ខ្លួន ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តទួលក្រសាំង ភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

ដោយ: លីហ្សា

To Top