ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារមកលើ ផ្នែកខ្លះនៃប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអាសន្ន ដើម្បីដោះស្រាយទឹកជំនន់ ខ្យល់មូសុង ដែលខ្លួនបានលើកឡើងថា បានប៉ះពាល់ដល់មនុស្ស ជាង៤លាននាក់ ។
ខ្យល់មូសុងប្រចាំឆ្នាំ មានសារៈសំខាន់ សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញផ្ទៃបឹង និងទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ ។
ទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សជាង៩០០នាក់ត្រូវបានសម្លាប់ នៅឆ្នាំនេះ រួមទាំង៣៤នាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាលទ្ធផល នៃភ្លៀងមូសុង ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា ។
ក្រុមមន្ត្រីបានលើកឡើងថា ទឹកជំនន់នៅឆ្នាំនេះគឺអាចប្រៀបធៀបទៅនឹង ឆ្នាំ២០១០ ដែលជាការអាក្រក់បំផុត ក្នុងកំណត់ត្រា នៅពេលដែលមនុស្សជាង ២.០០០នាក់បានស្លាប់ និងជិត១/៥នៃប្រទេសស្ថិតនៅក្រោមទឹក ។
កសិករ Rahim Bakhsh Brohi បានប្រាប់ដល់ទីភ្នាក់ងារ AFP នៅជិតក្រុង Sukkur ភាគខាងត្បូងខេត្ត Sindh ថា “ខ្ញុំមិនដែលឃើញទឹកជំនន់ដ៏ធំបែបនេះទេ ដោយសារតែភ្លៀងនៅក្នុងជីវិតរបស់ខ្ញុំ” ។
មនុស្សរាប់ពាន់នាក់ផ្សេងទៀតនៅជនបទប៉ាគីស្ថាន Brohi កំពុងស្វែងរកទីជំរកក្បែរផ្លូវជាតិ ដោយសារផ្លូវខ្ពស់ស្ថិតក្នុងចំណោមកន្លែងស្ងួតមួយចំនួននៅក្នុងទេសភាពគ្មានទីបញ្ចប់នៃទឹក ។
ទីភ្នាក់ងារគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្សជាង៤,២លាននាក់ “រងផលប៉ះពាល់” ដោយទឹកជំនន់ ដោយផ្ទះជិត ២២០.០០០ខ្នងត្រូវបានបំផ្លាញ និងកន្លះលានទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕
ដោយ៖ ម៉ៅ បុប្ផាមករា