ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ថ្នាក់ជាតិ លោក អាបេ ស៊ិនហ្សូ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ថ្នាក់ជាតិ ជូនលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ពិធីបុណ្យបានចាប់ផ្តើមរៀបចំឡើង នៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយស ជូនអំណោយពីប្រេសិត របស់ព្រះចៅអធិរាជ ព្រះរាជអគ្គមហេសី អតីតព្រះចៅអធិរាជ ព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កា ពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ-រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ៧០០នាក់ ព្រមទាំងភ្ញៀវជាតិ សរុបចំនួន៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ ដើម្បីលាគ្នាជាលើកចុងក្រោយ ។

ជាគុណបំណាច់ ចំពោះស្នាដៃ និង ការចងចាំលោក អាបេ ជាអ្នកនយោបាយ អភិរក្សនិយម ដែលត្រូវបានគេចងចាំ ចំពោះសមិទ្ធផល គោលនយោបាយជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាំងការដឹកនាំពិភពលោក និង ទំនាក់ទំនងដ៏កក់ក្តៅ ដែលលោកបានកសាង ជាមួយមេដឹកនាំពិភពលោក កាលពីអតីតកាល និងបច្ចុប្បន្ន ។ លោក អាបេ ក៏ត្រូវបានគេចងចាំថា ជាបុគ្គលដែលខ្វាយខ្វល់ អំពីសុខុមាលភាព ប្រជាជន-កម្មករ ស្ថិរភាពសង្គម និងសន្តិសុខជាតិរបស់ជប៉ុនជាដរាប ។លោកនៅតែជាកម្លាំងនយោបាយដ៏សំខាន់មួយរូបនៅជប៉ុន។ ប្រជាជនជប៉ុនភាគច្រើន មកចូលរួមកាន់ទុក្ខ គឺជាក្រុមយុវជនវ័យដែលទទួលបានការងារធ្វើដំបូង ដោយសារគោល នយោបាយសេដ្ឋកិច្ច ដែលមានឈ្មោះថា អាបេណូមិក (Abenomics) ។

លើសពីនោះ លោក អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់ របស់កម្ពុជាបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគី និង គាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លោក អាបេ ក៏ជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ បានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក នៃប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានបាញ់ប្រហារ ក្នុងឱកាសលោកអញ្ជើញថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី រសៀលថ្ងៃដដែល។

សម្តេចតេជោចាត់ទុក មរណភាពលោក អាបេ មិនគ្រាន់តែជាការបាត់បង់ រដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់មិត្តភក្តិដ៏ល្អ ពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ដែលបានរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ ៕

To Top