ក្នុងរដូវរំហើយ របស់ប្រទេសចិន ជារៀងរាល់ឆ្នាំ វាលស្រែស្រូវទុំពណ៌មាស លាតសន្ធឹងរាប់លានហិកតា ចោលក្លិនក្រអូប នៃគ្រាប់ធញ្ញជាតិដ៏គួរជាទាក់ចិត្ត បន្លែផ្លែឈើគ្រប់ មុខប្រជែងគ្នា លូតលាស់និង ហុចផលជាបន្តបន្ទាប់ ។ សុភាសិតចិនពោលថា «តស៊ូម្តង បានផលម្តង» នេះជាខណៈដ៏សប្បាយ រីករាយបំផុត របស់ប្រជាកសិករចិន ព្រោះថា ការចំណាយកម្លាំងញើសឈាម ខិតខំដាំដុះនិងថែទាំអស់ រយៈពេលជិតកន្លះឆ្នាំបាននិង កំពុងហុចផលមកវិញជាបន្តបន្ទាប់ ។
ចាប់ពីពេលធ្វើ យន្តូបនីយកម្មមក ការប្រមូលផលដំណាំ ជាច្រើនប្រភេទ របស់ប្រជាកសិករចិន បានចំណាយពេលតិច ចំណាយកម្លាំងតិច តែបានផលលឿន ។ ដំណាំស្បៀងនិង បន្លែផ្លែឈើត្រូវបានដឹកជញ្ជូន ទៅកាន់ទីផ្សារ ទូទាំងប្រទេស ជាបន្តបន្ទាប់ ដែលធានាបាននូវការ ផ្គត់ផ្គង់តាមតម្រូវការ ។
ស្ថិរភាព នៃខ្សែសង្វាក់ ផលិតកម្មនិងខ្សែសង្វាក់ ផ្គង់ផ្គត់របស់ប្រទេសចិន បានលំនឹងតម្លៃទំនិញ ក្នុងចន្លោះសមរម្យនិង ទប់ស្កាត់ការកើនឡើងខ្លាំង នៃអតិផរណា ហើយតាមការប៉ាន់ប្រមាណ ទិន្នផលស្បៀងក្នុងឆ្នាំនេះ នឹងរក្សាក្នុងបរិមាណលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ដែលអាចបំពេញ តាមតម្រូវការក្នុងស្រុក និងការនាំចេញ ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន តែងលើកឡើងថា «ឆ្នាំងបាយ»ដែលស្ថិតនៅក្នុងដៃខ្លួនឯង ទើបជារបស់ខ្លួនពិតៗ ។ បច្ចុប្បន្ន ឃ្លាំងស្តុកស្បៀង របស់ប្រទេសចិន មានចំណុះសរុប លើសពី ៦,៥ រយលានតោន បច្ចេកទេស នៃការស្តុកស្បៀង មានកម្រិតជឿនលឿន បង្គួរនៅលើពិភពលោក ហើយបរិមាណស្បៀង សំខាន់ពីរមុខ ដែលស្តុកក្នុងឃ្លាំង គឺអង្ករ និងស្រូវសាលី គឺលើសពីតម្រូវការពេញមួយឆ្នាំ ។
ប្រជាកសិករជាមូលដ្ឋានគ្រឹះ នៃសន្តិសុខស្បៀង របស់ប្រទេសជាតិ អាស្រ័យហេតុនេះ បក្សនិងរដ្ឋាភិបាលចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារ«កសិកម្ម ជនបទ និងកសិករ» ។ ពិសេសនៅចុងឆ្នាំ ២០២០ ប្រទេសចិនបានសម្រេច«គោលដៅមួយសតវត្សរ៍»ទីមួយរបស់ខ្លួន ពោលគឺក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន នឹងជួយឱ្យពលរដ្ឋក្រីក្រទាំងអស់ ចេញផុតពីភាពក្រីក្រ ។
សមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រទទួលបានដោយមិនងាយទេ ឯការថែរក្សាសមិទ្ធផលជារឿង កាន់តែលំបាកទៅទៀត ។ សុភាសិតចិន មួយឃ្លាពោលថា «ស្បៀងអាហារ ជាឫសគល់ នៃការរស់រានមានជីវិត របស់ប្រជាជន» ជាការពិតណាស់ ប្រជាជនមានស្បៀង អាហារគ្រប់គ្រាន់ ទើបអាចប្រកបការងារនិងរស់នៅដោយទឹកចិត្ត សប្បាយរីករាយ ហើយប្រទេសជាតិទើបមានស្ថិរភាព ។
អ្វីដែលគួររំលឹកគឺថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក ប្រទេសមួយចំនួនបានដាក់ចេញវិធានការ រឹតត្បិតការនាំចេញស្បៀង និងផលិតផលកសិកម្ម ដែលជះឥទ្ធិពល ចំពោះសន្តិសុខ ស្បៀងក្នុងតំបន់និងពិភពលោក ។
ក្រៅពីនេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោក ដ៏ស្មុគស្មាញ និងការកើនឡើង នៃអតិផរណាបាន និងកំពុងបណ្តាល ឱ្យប្រទេសមួយចំនួន ប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលតម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាបន្ទាន់ ពុំនោះសោតនឹងមិនងាយឆ្លងផុតវិបត្តិផ្ទួនៗដ៏កម្រនេះឡើយ ។
ក្នុងន័យប្រកាន់ខ្ជាប់និងគាំទ្រ ចំពោះពហុភាគីនិយម និងគំនិតផ្តួចផ្តើម ស្តីពីពិភពលោកជាសហគមន៍ រួមវាសនាតែមួយ ប្រទេសចិនបានដាក់ចេញវិធានការ ជាច្រើនដើម្បីគាំពារ សន្តិសុខ ស្បៀងរបស់ខ្លួនផង និងរួមចំណែកដល់ការគាំពារសន្តិសុខ ស្បៀងជាសកលផង ដូចជាការជំរុញ យ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការ អន្តរជាតិផ្នែកវិស័យកសិកម្ម ការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ផលិតកម្ម កសិកម្មនិងកម្រិត សន្តិសុខស្បៀង ក៏ដូចជាបានឧបត្ថម្ភថវិកាច្រើនបំផុត សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ នៃអង្គស្បៀងអាហារនិងកសិកម្ម អង្គការសហប្រជាជាតិ ។
កាលពីឆ្នាំ ២០២១ បរិមាណស្បៀង គិតជាមធ្យម ក្នុងមនុស្សម្នាក់ៗរបស់ប្រទេសចិនគឺ ៤៨៣ គីឡូក្រាម ដែលជាតួលេខលើស ពីស្តង់ដាសុវត្ថិភាព របស់ពិភពលោកយ៉ាងច្រើន ។ ផ្អែកលើធនធានរបស់ខ្លួន ប្រទេសចិន បានដោះស្រាយបញ្ហាហូបចុក របស់ប្រជាជនចំនួន ១ភាគ ៥ នៃពិភពលោក ដែលជាការរួម ចំណែកយ៉ាងសំខាន់ ចំពោះសន្តិសុខស្បៀងរបស់ពិភពលោក ។
សុភមង្គលកើតចេញពីការតស៊ូ ថ្នាក់ដឹកនាំចិនតែងលើក ឡើងថា «តើប្រជាជនមានជីវភាពល្អឬមិនល្អ ត្រូវមើលថាតើប្រជាជន មានទឹកមុខញញឹម ដោយក្តីពេញ ចិត្តឬអត់» ។ ជាការ ពិតណាស់ ការធ្វើឱ្យប្រជាជន ជាពិសេស គឺប្រជាកសិករ មានទឹកមុខញញឹម ប្រកបដោយ សុភមង្គល ជាទិសដៅ ការងារសំខាន់បំផុតមួយ របស់រដ្ឋាភិបាលចិន ហើយទិន្នផលដំណាំ កសិផលដែល ស្តុកពេញ ឃ្លាំងគឺជាការធានា យ៉ាងប្រចក្សចំពោះ«ឆ្នាំងបាយ»និងសន្តិសុខស្បៀង របស់ប្រជាជនចិន និងជាការរួមចំណែកដល់ការថែរក្ស សន្តិសុខស្បៀងពិភពលោក ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន