ព័ត៌មានជាតិ

សម្តេចតេជោ៖ ដំណើរដ៏វែងឆ្ងាយ គ្មានពេលឈប់សម្រាក ក្លាយជាទម្លាប់តាំងពីអាយុតិច រហូតអាយុច្រើន

ភ្នំពេញ៖ ក្នុងន័យដំណើរដ៏វែងឆ្ងាយ ដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់តាំងពីអាយុតិច រហូតអាយុច្រើន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្ហាញក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ចង់សំដៅទៅលើកិច្ចការចាំបាច់ ដែលតម្រូវឲ្យធ្វើ ដោយខានមិនបាន ។

កិច្ចការចាំបាច់ដែលតម្រូវ ឲ្យធ្វើដោយខានមិនបាននោះ គឺជាកិច្ចការងារនាយករដ្ឋមន្រ្តី ក្នុងដំណើរចូលរួមកិច្ចប្រជុំនានា នៅក្រៅប្រទេស។ ជាក់ស្តែងដូចអ្វីដែលសម្តេច បានបង្ហាញក្នុងហ្វេសប៊ុក គឺសម្តេចក្នុងរយៈពេលមួយសប្តាហ៍មុន ពោលចាប់ពីថ្ងៃ២០ កញ្ញា រហូតមកដល់ថ្ងៃ៣០ កញ្ញានេះ សម្តេចបានធ្វើដំណើរ ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ បន្ទាប់មកធ្វើដំណើរទស្សនកិច្ច ទៅឡាហាវ៉ាន ប្រទេសគុយបា បន្តទៀតមកកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចូលរួមបុណ្យសពលោក អាបេ ស៊ិនហ្សូ ក្រោយមកក៏ធ្វើដំណើរ មកកាន់មាតុប្រទេស។ អ្វីដែលសំខាន់ព្រឹកថ្ងៃ៣០ កញ្ញា នេះ សម្តេចមានបេសកកម្ម ពិសេសមកខេត្តសៀមរាប ។

សម្តេចថា ក្នុងរយៈពេលសម្តេចរៀបរាប់នេះ បានប្រើរយៈពេល១០ថ្ងៃ ក្នុងចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ជាមួយការងារយ៉ាងច្រើន ។

ទោះបីជាយ៉ាងណាសម្តេចអះអាងថា នឿយកាយតែសប្បាយចិត្ត ព្រោះបានធ្វើការបំរើជាតិ និងប្រជាជន ៕

To Top