ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់ថា ខ្មាន់កំាភ្លើងបានបាញ់រះ មកលើយោធា នៅកន្លែងហ្វឹកហ្វឺន បណ្តាលឲ្យស្លាប់១១នាក់

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលមានគ្នា២នាក់មកពី អតីតរដ្ឋសូវៀត មួយកាលពីថ្ងៃសៅរ៍ បានវាយប្រហារមកលើ កន្លែងហ្វឹកហ្វឺនយោធា ដោយសម្លាប់មនុស្ស១១នាក់ ដែលបានស្ម័គ្រចិត្តប្រយុទ្ធ នៅអ៊ុយក្រែន និង១៥នាក់ផ្សេងទៀតរងរបួស ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការវាយប្រហារនៅតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់នឹង ប្រទេសអ៊ុយក្រែន បានកើតឡើងអំឡុងពេល ហ្វឹកហាត់អាវុធ ។

រុស្ស៊ី បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ កាលពីខែមុន លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យមានការចល័ត ប្រជាជនរុស្ស៊ី ចំនួន៣០០.០០០នាក់ ដែលធ្លាប់បំពេញកាតព្វកិច្ច យោធា ពីមុនមក ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ បានដកស្រង់សម្តី របស់ក្រសួងខាងលើថា “កាលពីថ្ងៃទី១៥ ខែតុលា ប្រជាពលរដ្ឋ២នាក់ របស់រដ្ឋឯករាជ្យមួយ បានប្រព្រឹត្តអំពើភេរវកម្មមួយនៅឯកន្លែងហ្វឹកហ្វឺន នៃស្រុកយោធាខាងលិច ក្នុងតំបន់ Belgorod” ។

“ជាលទ្ធផល មនុស្ស១១នាក់បានរងរបួស យ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ ។ មនុស្ស១៥នាក់ផ្សេងទៀត បានរងរបួសដោយសារមុខ របួសផ្សេងៗគ្នា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ” ។

ក្រសួងបានឲ្យដឹងទៀតថា អ្នកវាយប្រហារ២នាក់នោះ “ត្រូវបានស្លាប់ក្នុងការបាញ់តបតគ្នា” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top