ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ពីអត្ថន័យ និងតម្លៃនាឡិកាដៃអាស៊ាន ដែលផលិត ដោយកម្ពុជា

ភ្នំពេញ៖ យើងបានដឹងហើយថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ដោយមានមេដឹកនាំកំពូលៗ យាងនិងអញ្ជើញចូលរួម ក្នុងនោះក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេន បានរៀបចំកាដូរអនុស្សាវរីយ៍ ដ៏មានតម្លៃ និងពោរពេញ ដោយអត្ថន័យ ជានាឡិកាដៃ ដែលមានតែ២៥គ្រឿង ប៉ុណ្ណោះលើពិភពលោក និងផលិតឡើងជាពិសេស សម្រាប់មេដឹកនាំកំពូលៗ ដែលយាងនិងអញ្ជើញ ចូលរួមកិច្ចប្រជុំនៅភ្នំពេញ ។

ក្នុងនោះមហាជនជាច្រើនបានចាប់អារម្មណ៍ នឹងចង់ដឹងថា នាឡិកាដៃអនុស្សាវរីយ៍នោះ មានតម្លៃប៉ុន្មាន? យ៉ាងណាមិញ សម្រាប់តម្លៃនៃនាឡិកានេះ តាមការលើកឡើងផ្ទាល់​ របស់សម្តេចតេជោ បានបង្ហាញថា គ្រឿងបង្គុំនៃនាឡិកាទាំងមូល មានតម្លៃដល់ទៅជាង ២ម៉ឺនដុល្លារអាមេរិក ប៉ុន្តែតម្លៃដ៏ថ្លៃថ្លាបំផុតនោះ គឺការរំលេចចេញ នូវតួរអក្សរ “ASEAN CAMBODIA 2022” និង Made In Cambodia ដែលបានបង្ហាញ នូវការឈានឆ្ពោះទៅមុខ ជាបន្តបន្ទាប់ អំពីសមត្ថភាពរបស់កម្ពុជា ដែលអាចផលិតនាឡិកា ដៃនេះដោយផ្ទាល់ ។

ក្នុងនោះ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ថា បំណងធំ ចំពោះវត្ថុអនុស្សាវរីយ៍ ដែលជានាឡិកាដៃ គឺចង់បង្ហាញថា ខ្មែរធ្វើបាន ។

ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កូនខ្មែរមានលទ្ធភាព ដើម្បីផលិតនូវនាឡិកា សម្រាប់ជាការដូរដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ។ ហើយនាឡិកានេះ មានតែ២៥គ្រឿងទេ យើងបានចែកជូនទៅថ្នាក់ដឹកនាំ នៅបណ្តាប្រទេស អ្នកខ្លះក៏បានពាក់រួចហើយ អ្នកខ្លះ ក៏មិនទាន់បានពាក់” ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា “នាឡិកាដៃដែលជាអនុស្សាវរីយ៍នេះ គឺជានាឡិកា អនុស្សាវរីយ៍មួយ នៃការចងចាំក្នុងឋានៈជាប្រធានអាស៊ាន លើកទី៣ ដែលអាចចាត់ទុកថា ខ្ញុំ (សម្តេចតេជោ) អាចនឹងប្រកាសថា ខ្ញុំមិនឈានឆ្ពោះទៅរក ការធ្វើប្រធានអាស៊ាន លើកទី៤ទេ”៕

To Top