ព័ត៌មានអន្តរជាតិ

មេដឹកនាំសេដ្ឋកិច្ច APEC បើកកិច្ចប្រជុំកំពូល ស្ដីពីការអភិវឌ្ឍន៍ និងពាណិជ្ជកម្មប្រកបដោយនិវន្ដភាព

បាងកក៖ មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានជួបប្រជុំគ្នានៅទីក្រុងបាងកក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីវិធីជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី២៩ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានឲ្យដឹងថា មេដឹកនាំនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដឹកនាំតំបន់ឆ្ពោះទៅអនាគតដ៏ល្អប្រសើរ។

លោក ប្រាយុទ្ធ ប្រធានកិច្ចប្រជុំបានលើកឡើងថា ការធ្វើគំរូសេដ្ឋកិច្ច Bio-Circular-Green (BCG) របស់ខ្លួនខ្ពស់ក្នុងរបៀបវារៈ ប្រទេសថៃសង្ឃឹមថាគំរូសេដ្ឋកិច្ច BCG នឹងលើកកម្ពស់បន្ថែមទៀតនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការការពារបរិស្ថាន។

វាគឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់មេដឹកនាំសេដ្ឋកិច្ច APEC ចាប់តាំងពីឆ្នាំ២០១៨ មក ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ “បើកចំហ តភ្ជាប់ តុល្យភាព” ដើម្បីបើកឱកាសទាំងអស់ តភ្ជាប់គ្រប់ទិដ្ឋភាព និងតុល្យភាពក្នុងគ្រប់ទិដ្ឋភាព។

APEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ គឺជាវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

មេដឹកនាំបានជួបប្រជុំគ្នា នៅពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៃការកើនឡើងអតិផរណា ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកើនឡើង ការប្រែប្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩៕ប្រែសម្រួល ឈូក បូរ៉ា

To Top