បរទេស៖ ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យរបស់ក្រសួងគឺលោក Anatoly Glaz ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស បេឡារុស លោក Vladimir Makey បានទទួលមរណភាពភ្លាមៗ កាលពីថ្ងៃសៅរ៍ ។ លោក Anatoly Glaz បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនេះ អស់រយៈពេលមួយទសវត្សរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានមិនបានផ្តល់ព័ត៌មានលម្អិត អំពីកាលៈទេសៈ ឬមូលហេតុនៃការស្លាប់ របស់រដ្ឋមន្រ្តីការបរទេស ដែលមានវ័យ ៦៤ ឆ្នាំរូបនេះទេ។ លោកគ្រោងនឹងជួបសមភាគីរុស្ស៊ីលោក Sergey Lavrov នៅប៉ុន្មានថ្ងៃខាងមុខ។
អាជីពជាអ្នកការទូតម្នាក់ឈ្មោះ លោក Makey បានធ្វើការជាមួយក្រសួងការបរទេស បេឡារុស្សតាំងពីឆ្នាំ ១៩៩៣ បន្ទាប់ពីបានបញ្ចប់ការសិក្សា ពីបណ្ឌិតសភាការទូត នៃទីក្រុងវីយែនរបស់ប្រទេសអូទ្រីស។ លោកបានតំណាងឱ្យប្រទេសបេឡារុស្ស នៅក្នុងក្រុមប្រឹក្សាអឺរ៉ុប និងបានបម្រើការជាទីប្រឹក្សា របស់ឯកអគ្គរដ្ឋទូតបេឡារុស្ស ប្រចាំទីក្រុងប៉ារីសក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។
ក្នុងទសវត្សរ៍ឆ្នាំ ២០០០ លោកបានធ្វើការជាជំនួយការ របស់ប្រធានាធិបតី Aleksandr Lukashenko និងបានដឹកនាំរដ្ឋបាលប្រធានាធិបតី រវាងឆ្នាំ ២០០៨ និង ២០១២ មុនពេលឡើងកាន់តំណែង ជារដ្ឋមន្ត្រីការបរទេស៕ សម្រួលៈ ណៃ តុលា