ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គមសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គមសេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២ ខែធ្នូ ​ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បណ្តាញទីក្រុងឆ្លាតអាស៊ាន (ASCN) បង្កើតឡើងនៅក្នុងឆ្នាំ២០១៨ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានទៅសម្រេច នូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការ ការងារលើកទី៣ ស្ដីពីគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន និងការប្តេជ្ញាសម្រេចឱ្យ បាននូវរបៀបវារៈអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ និង របៀបវារៈអភិវឌ្ឍទីក្រុងថ្មី។

សម្ដេចតេជោ បន្ដថា ក្របខណ្ឌបណ្តាញទីក្រុងឆ្លាតអាស៊ាននេះ បានជំរុញការអនុវត្ត ផែនការសកម្មភាពទីក្រុងឆ្លាត (SCAPs) និងបានសម្រួលដល់ការអភិវឌ្ឍ ថ្នាលបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍វិនិយោគទីក្រុងឆ្លាតអាស៊ាន តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ ការពង្រឹងភាពជាដៃគូ និងការផ្សារភ្ជាប់គម្លាតផ្នែកធនធាន។

សម្ដេចតេជោ បន្ថែមថា ស្ថិតក្នុងបរិការណ៍ ដែលអាស៊ាន និងសកលលោកបាននិងកំពុងជួបប្រទះនឹងបញ្ហា ប្រឈមជាបន្តបន្ទាប់ ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ ក្នុងការដោះស្រាយបញ្ហាទូទៅនៃ ការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍ ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និងវិបុលភាពនៃជីវភាពរស់នៅ របស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បន្ថែមលើនេះ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំង ផ្តល់ឱកាសការងារ, មុខរបរ និងអាជីវកម្ម ដល់ប្រជាជនទូទៅ ក្នុងប្រទេស និងតំបន់អាស៊ានទាំងមូល» ៕

To Top