ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ស្វាគមន៍យ៉ាងកក់ក្តៅ និង គាំទ្រពេញទំហឹង ចំពោះដំណើរភាពយន្តចិនកម្ពុជា ដ៏ឆ្នើម លើកទី៦

មានសាធារណជន ជិត៦០០នាក់ បានចូលរួមទស្សនា ភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម លើកទី៦ ក្នុងពេលចាក់បញ្ចាំងភាពយន្តល្អៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ជាប់ៗគ្នា កាលពីរាត្រីថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២២។

ជំនួសមុខឲ្យអាជ្ញាធរ ក៏ដូចជា យុវជន ជាពិសេស ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាច លោក សន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំស្រុក ក្នុងពេលចាក់បញ្ចាំង កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ បានប្រាប់វិទ្យុមិត្តភាព កម្ពុជា-ចិន ថា លោក មានសេចក្តីសប្បាយរីករាយ ក្នុងការស្វាគមន៍វត្តមានដំណើរភាពយន្តចល័តចិនកម្ពុជា នាឱកាសនេះ ដែលមានការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅក្នុងស្រុកកំពង់ត្រឡាច រីករាយដោយសារតែនេះ គឺជាលើកដំបូងហើយ ដែលភាពយន្តចល័តចិនកម្ពុជា បានចាក់បញ្ចាំង នៅលើទឹកដី ស្រុកកំពង់ត្រឡាច។

ក្នុងនាមរដ្ឋបាលស្រុក និង សសយក លោកសូមគាំទ្រពេញទំហឹង ចំពោះទស្សនីយភាពនៃភាពយន្ត ដែលបានចាក់បញ្ចាំង ហើយក៏ជាមោទនភាព ក្នុងការគាំទ្រ។ លោកបន្តថា តាមរយៈការទស្សនាភាពយន្តនេះ ប្រជាពលរដ្ឋបានយល់ច្បាស់ អំពីវប្បធម៌របស់ប្រទេសចិន ដែលជាវប្បធម៌មួយដ៏មានវ័យ ដ៏ចំណាស់ និងយូរលង់នៅលើពិភពលោក ដែលមានភាពស្រដៀងគ្នា នៅកម្ពុជា ក៏ដូចជា តំបន់អាស៊ីតែម្តង។

« បាទ ខ្ញុំសង្ឃឹមថា ក្រោយពីការចាក់បញ្ចាំងនេះទៅ សូមសង្ឃឹមថា ថ្ងៃក្រោយ នឹងមានទស្សនីយភាព ភាពយន្តចល័តរបស់កម្ពុជា និងចិននេះ នឹងមកបញ្ចាំង នៅលើទឹកដី នៃស្រុកកំពង់ត្រឡាច ម្តងទៀត»

ក្រោយពីបាននឿយហត់ពីការសិក្សា យុវតី គឿង ពិសី រៀនថ្នាក់ទី១២ នៅវិទ្យាល័យកំពង់ត្រឡាច ដែលបានចូលរួមទស្សនាភាពយន្ត នាពេលនោះដែរ បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា កញ្ញាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះមានការនាំយកភាពយន្ត មកបញ្ចាំងនៅជាប់ផ្ទះបែបនេះ បង្កភាពងាយស្រួលក្នុងការទស្សនា ដូច្នេះ កញ្ញាចង់ឲ្យមានការចាក់បញ្ចាំងភាពយន្តនៅក្បែរផ្ទះបែបនេះ លើកក្រោយៗទៀត ដោយសារតែពេលចង់មើលកុន គឺមិនបាច់ចំណាយពេលវេលា និងថវិកា ទៅទស្សនា នៅតាំងឆ្ងាយៗនោះ។

«ចូលចិត្តមើលរឿងចិន ដោយសារតែខ្ញុំចង់ចេះភាសាចិន ហើយណាមួយ រឿងចិនគឺល្អមើល អាចស្វែងយល់ពីវប្បធម៌បានច្រើនដែរ ដូចជា ការរស់នៅ ការស្លៀកពាក់ និង វប្បធម៌ផ្សេងៗ និយាយទៅ យើងបានស្វែងយល់ជាច្រើន»។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា រដ្ឋបាលខេត្ត សូមគាំទ្រពេញទំហឹងចំពោះវត្តមានរបស់ដំណើរភាពយន្តចល័តចិនខ្មែរនេះ ហើយសង្ឃឹមថា នឹងមានបន្តទៀត ក្នុងខេត្តកំពង់ឆ្នាំង នៅលើកក្រោយៗទៀត។

«សម្រាប់ខេត្ត យើងខ្ញុំ ខ្លួនខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋ មានការសប្បាយរីករាយ ព្រោះនេះគឺជាទស្សនីភាពមួយ ធ្វើការឆ្លុះបញ្ចាំង ការវិវឌ្ឍនៃផ្នែកគំនិតមួយទៀត ដែលយើងខ្ញុំទាំងអស់គ្នា គិតថា មានការគាំទ្រចំពោះសកម្មភាព នៃការបញ្ចាំង ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង របស់យើងខ្ញុំនេះ បាទ»។

សូមបញ្ជាក់ថា បន្ទាប់ពីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដំណើរភាពយន្តចល័តចិនកម្ពុជា លើកទី៦ បាននាំយកភាពយន្តល្អៗ ទៅចាក់បញ្ចាំងនៅទីតាំងនានា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។
សម្រាប់ទីតាំងស្រុកកំពង់ត្រឡាច មានការចាក់បញ្ចាំង ភាពយន្តចិន រឿងដំណើរនៃប្រាក់ និងភាពយន្តខ្មែរ រឿង វិញាណ ទីងមោង ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ពីប្រជាពលរដ្ឋ យុវជន យុវនារី យ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top