មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មី តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា “ភាពត្រឹមត្រូវខាងសីលធម៌ និងប្រវត្តិសាស្រ្ត” គឺឈរនៅខាងរុស្ស៊ី ខណៈដែលប្រទេសរបស់លោកប្រឈមមុខ នឹងការថ្កោលទោសជាអន្តរជាតិ ចំពោះការវាយលុករបស់ខ្លួន នៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបានថ្លែងសុន្ទរកថា តាមទម្លាប់កាលពីពាក់កណ្តាលអធ្រាត្រ ក្នុងរូបភាពដែលលោកបានឈរ ក្នុងចំណោមទាហានដែលជាក់ស្តែង បានប្រយុទ្ធនៅអ៊ុយក្រែន។
នៅក្នុងការកត់សម្គាល់ដែលធ្វើឡើង ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោកពូទីនបាននិយាយថា នៅឆ្នាំនេះត្រូវបានសម្គាល់ដោយ “ព្រឹត្តិការណ៍ដ៏សំខាន់ និងសារៈសំខាន់ពិតប្រាកដ” ដែលបានក្លាយជា “ព្រំដែនដែលចាក់គ្រឹះ សម្រាប់អនាគតរួមរបស់យើង ដើម្បីឯករាជ្យភាពពិតប្រាកដ” ។
លោកបានបន្ថែមថា “ថ្ងៃនេះយើងកំពុងប្រយុទ្ធ ដើម្បីរឿងនេះ ការពារប្រជាជនរបស់យើង នៅក្នុងទឹកដីប្រវត្តិសាស្ត្ររបស់យើង នៅក្នុងអង្គភាពដែលមានធាតុផ្សំថ្មី នៃសហព័ន្ធរុស្ស៊ី” ដោយលោកបានបន្ថែម ដោយសំដៅទៅលើតំបន់អ៊ុយក្រែន ដែលរុស្ស៊ីអះអាងថា បានបញ្ចូល៕ ប្រែសម្រួលៈ ណៃ តុលា