ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ចាប់ឃុំខ្លួនជនជាតិរ៉ូហ៊ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស

រ៉ងហ្គូន៖ ប្រទេសមីយ៉ាន់ម៉ាបានកាត់ទោសមនុស្ស ១១២នាក់ ក្នុងនោះមានកុមារ ១២ នាក់មកពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន ប៉ុនប៉ងចាកចេញពីប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

សារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការនៅទីក្រុង Bogale ក្នុងតំបន់ Ayeyarwady ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសក្រុមនេះកាលពីថ្ងៃទី៦ ខែមករា។

របាយការណ៍បានឲ្យដឹងថា ក្រុមនេះត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពីពួកគេត្រូវបានរកឃើញ នៅលើទូកម៉ូតូ “ដោយគ្មានឯកសារផ្លូវការណាមួយ” ដែលស្របច្បាប់នៅមីយ៉ាន់ម៉ានោះទេ។

ក្នុង​ចំណោម​កុមារ​ទាំង ១២​នាក់ មាន ៥​នាក់​មាន​អាយុ​ក្រោម​១៣​ឆ្នាំ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ និង​កុមារ​ខ្លះរហូតដល់​៣​ឆ្នាំ ។ ពួកគេត្រូវបានផ្ទេរទៅ “សាលាបណ្តុះបណ្តាលយុវជន” កាលពីថ្ងៃចន្ទ នេះបើយោងតាមប្រភពពីកាសែតខាងលើ។ អង្គការ​នេះ​បាន​បន្ថែម​ថា មនុស្ស​ពេញវ័យ​ទាំង​អស់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​។

ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ត្រូវបានបដិសេធពីភាពជាពលរដ្ឋ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ ដែលអះអាងថាពួកគេជា “ជនចំណាកស្រុកខុសច្បាប់” មកពីអាស៊ីខាងត្បូង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top