ព័ត៌មានជាតិ

លោក យ៉ុង សាំង កុមារ ណែនាំឱ្យសហគមន៍កសិកម្ម កាត់បន្ថយថ្លៃដើម តាមរយៈការប្រើប្រាស់ពូជសុទ្ធល្អ និងការប្រើប្រាស់ជីធម្មជាតិ

ភ្នំពេញ៖លោក យ៉ុង សាំង កុមារ  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំដល់សហគមន៍ឲ្យកាត់បន្ថយថ្លៃដើមផលិតស្រូវ តាមរយៈការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹក។

លោក យ៉ុង សាំង កុមារ ថ្លែងបែបនេះធ្វើឡើងក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា ជាមួយសហគមន៍កសិកម្មផលិតស្រូវចំនួន៦ លើបរិមាណស្រូវ ៨,៥៣៣ តោន មានផ្ទៃដី ១,៧៨០ ហត និងមានសមាជិកចំនួន១៨៧នាក់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក យ៉ុង សាំង កុមារ បានណែនាំឱ្យបន្តសហការចងក្រងនិងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្ម។

កិច្ចសន្យាកសិកម្មនេះគឺជាលទ្ធផលនៃការសម្របសម្រួលសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា។ ព្រឹត្តិការណ៍នៃការចុះហត្ថលេខានេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ឆ្នាំ២០២៣ នៅក្នុងខេត្តបន្ទាយមានជ័យ និងមានសារៈសំខាន់ណាស់សម្រាប់កសិករអ្នកផលិតស្រូវ រោងម៉ាស៊ីន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តជំរុញការសហការណ៍ និងការកសាងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ។

សូមបញ្ជាក់ផងដែរថា សហគមន៍ផលិតស្រូវក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូលពីក្រុមហ៊ុនដូចជាជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕

To Top