ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន ថា រុស្ស៊ីចង់សងសឹក និងកំពុងរៀបចំ ការវាយលុកដ៏ធំ នៅចុងខែកុម្ភៈ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីចង់ “សងសឹក” ហើយកំពុងរៀបចំសម្រាប់ការវាយលុកដ៏ធំមួយនៅចុងខែកុម្ភៈ ឬដើមនិទាឃរដូវខាងមុខ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសហភាពអឺរ៉ុបដែលកំពុងធ្វើទស្សនកិច្ចនៅអ៊ុយក្រែន កាលពីថ្ងៃសុក្រ លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចហើយសម្រាប់ការវាយប្រហារនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា “យើងគិតថានឹងមានសម្ពាធកើនឡើងនៅភាគខាងកើត។ រុស្ស៊ីចង់សងសឹកនៅកន្លែងពិតប្រាកដ ដែលខ្លួនធ្លាប់បរាជ័យពីមុនមក។ លោកបានបន្ថែមថា រុស្ស៊ីចង់យកភាគខាងកើត» ដោយសំដៅទៅតំបន់ភាគខាងកើតនៃ Kharkov ដែលទាហានអ៊ុយក្រែនបានរុលចូល។

លោក ហ្សេលេនស្គី បានអះអាងថា “បេសកកម្មរបស់យើងគឺដើម្បីទប់ស្កាត់ និងរារាំងពួកគេរហូតដល់កងទ័ពរបស់យើងបានបំពាក់អាវុធគ្រប់គ្រាន់។ ខ្ញុំគិតថាយើងមានឱកាសគ្រប់បែបយ៉ាង។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសន្យារថក្រោះប្រយុទ្ធសំខាន់ៗទៅកាន់ទីក្រុងគៀវ ដូចជា រថក្រោះ M1 Abrams របស់អាមេរិក រថក្រោះ British Challenger និង German Leopard 2 ប៉ុន្តែបាននិយាយថា ការបញ្ជូនពួកគេនឹងត្រូវចំណាយពេលច្រើនសប្តាហ៍ ឬច្រើនខែ។

លោកបានបន្ថែមថា ប្រជាជនអ៊ុយក្រែនត្រូវចងចាំ “ការលើកទឹកចិត្ត និងស្មារតី” តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយកត់សម្គាល់ថា ផ្នែកខ្លះនៃប្រទេសមានអារម្មណ៍ថាពួកគេ “កំពុងសម្រាក” ជំនួសឱ្យសង្រ្គាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top