នយោបាយ

គឹម សុខ ៖ សម រង្ស៊ី ត្រូវក្លាហានខ្ពស់ ជាងគេទិញ សំបុត្រយន្តហោះ ចូលកម្ពុជា ទោះចុះត្រឹមថៃ ក៏ត្រូវដើរឆ្លងកាត់ចូលមកដែរ

ភ្នំពេញ ៖ អ្នកវិភាគស្ថានការណ៍ នយោបាយ ពីក្រៅប្រទេសមក លោក គឹម សុខ បានថ្លែងសារ ទៅកាន់លោក សម រង្ស៊ីថា ត្រូវតែមានសេចក្តីក្លាហានខ្ពស់ ជាងគេបង្អស់ ក្នុងការទិញសំបុត្រ យន្តហោះចូលមកកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះជាដាច់ខាត ទោះបីជាចុះត្រឹមថៃក៏ដោយ ក៏ត្រូវដើរឆ្លងកាត់ព្រំដែន ចូលមកកម្ពុជាដែរ ។

លោក គឹម សុខ លើកឡើង ក្នុងហ្វេសប៊ុកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “ជាមេដឹកនាំនយោបាយជួរមុខ លោក សម រង្ស៊ី ត្រូវពង្រឹងសេចក្ដីក្លាហានខ្ពស់ ជាងអ្នកណាទាំងអស់ ទិញសំបុត្រយន្តហោះចូលកម្ពុជាតែម្ដង ។ បើចុះចតត្រឹមថៃ លោក សម រង្ស៊ី ក៏ត្រូវប្តេជ្ញាដើរឆ្លងព្រំដែន ចូលប្រទេសកម្ពុជាដែរ ហើយកុំគ្រាន់តែទៅតំបន់ជិតៗ ព្រំដែន ថ្លែងមួយប្រាវលើទឹកដីថៃ រួចត្រឡប់ទៅបារាំងវិញ” ។

លោកថា លោក សម រង្ស៊ី គួរធ្វើបែបនេះ ព្រោះគាត់បានសន្យាច្បាស់ នៅចំពោះប្រជាជាតិខ្មែរ និងមិត្តបរទេសប្រជាធិបតេយ្យ ពេញសកល ហើយក៏ក្នុងកាលៈទេសៈនយោបាយ ដែលវត្តមានរបស់លោកនៅកម្ពុជា នឹងធ្វើឲ្យសម្តេច ហ៊ុន សែន ព្រួយបារម្ភខ្លាំង ។ តើលោក សម រង្ស៊ី ខ្លាចអ្វី?

លោក គឹម សុខ បន្ថែមថា ការប្រកាសចូលស្រុកវិញ គួរតែជាការសន្យារបស់មនុស្សចាស់ ឬអ្នកនយោ បាយគំរូជាន់ខ្ពស់ ពុំមែនជាសម្ដីកូនក្មេង ឬអ្នករត់តាមនយោបាយ ដែលគ្រាន់តែនឹកឃើញអ្វី ថាហ្នឹងឲ្យតែរួចពីមាត់នោះទេ ។ សម្ដីសន្យារបស់មនុស្សចាស់ ឬអ្នកនយោបាយគំរូជាន់ខ្ពស់ គឺការថ្លែងអំពីផែនការភ្ជាប់ នឹងហេតុផលនិងការប្ដេជ្ញាធ្វើ ទាំងអាចប្រមើលដឹងជាមុនច្រើនបំផុត នូវឧបសគ្គនឹងកើតចំពោះមុខ ។

លោកបានឲ្យដឹងទៀតថា “ឧបសគ្គធំៗដែលបង្កឡើងដោយលោក ហ៊ុន សែន ពេលនេះ ពុំមែនលោក សម រង្ស៊ី មិនដឹងជាមុនឯណា ចុះហេតុអ្វីលោក សម រង្ស៊ី នៅតែប្រកាសសន្យាយ៉ាងម៉ឺងម៉ាត់? បើដឹងហើយ នៅតែប្រកាសសន្យាចូល និងបើសន្យាចូលទាំងមានគេឯង អបអរធ្វើតាមយ៉ាងច្រើនលើសលប់ហើយ បើបែរជាមិនហ៊ាន ឬគ្មានឆន្ទៈអនុវត្តន៍ ការសន្យារបៀបនេះ គឺជានយោបាយប្រជាភិថុតិសុទ្ធសាធ ។ បើជាប្រជាភិថុតិ នោះគឺជាកំហុសដ៏ធំធ្វើឲ្យរួញស្មារតីប្រជាធិបតេយ្យ មិនអាចប្រកែកបាន។ ជាមេដឹកនាំខ្ពស់ជាងគេ មិនអាចយករួចខ្លួន ទុកសហការីចោលឲ្យរងគ្រោះ ពីកំហុសយុទ្ធសាស្ត្ររបស់ខ្លួននោះទេ ។ បែបនេះមិនអាចក្លាយ ជាបុគ្គលគំរូនយោបាយ ស្រោចស្រង់ស្ថានការណ៍ ប្រជាធិបតេយ្យជាតិឡើយ” ។

ទន្ទឹងនេះអ្នកវិភាគរូបនេះបន្តថា បើលោក សម រង្ស៊ី មិនបង្ហាញសកម្មភាព ចូលស្រុកឲ្យឃើញ ជាក់ស្ដែងដូចបានសន្យាទេ ក្រោយ៩វិច្ឆិកា លោក សម រង្ស៊ី អត់មានល្បែង នយោបាយធំដុំលេងទៀតឡើយ ។ ជាមេដឹកនាំនយោបាយមិនខ្លាចលះបង់ ដើម្បីបុព្វហេតុ នៃនយោបាយជាតិរស់នោះទេ ។ មេដឹកនាំប្រជាធិបតេយ្យ ផុតលេខម្នាក់ មិនគួរបន្សល់ទុកនូវស្មារតីតស៊ូ ឃើញឥទ្ធិពលទាបជាង ទ្រឹស្ដីលះបង់របស់កុម្មុយនិស្ដឡើយ បើពិតជាចង់ជ្រោងកម្លាំង ប្រជាធិបតេយ្យដណ្ដើម ឈ្នះកុម្មុយនិស្ដនៅអនាគត។

ពួកកុម្មុយនិស្ដឱបជាប់នឹងទស្សនៈថា “សល់តែមួយចំហៀងខ្លួន ក៏មិនបោះបង់បដិវត្តន៍ដែរ”។ ចុះកំពូលអ្នកប្រជាធិបតេយ្យសម័យទំនើបនេះវិញ ហ៊ានចុះកំណត់ត្រាលះបង់ប៉ុនណាដែរ ដើម្បីអាចដណ្ដើមប្រៀប ផ្លាស់ប្ដូរពួកកុម្មុយនិស្ដនោះ? ៕ អេង ប៊ូឆេង

To Top