ព័ត៌មានជាតិ

មេទាហានស៊ីឈ្នួល Wagner ទាមទារគ្រាប់រំសេវបន្ថែមទៀត ពីលោក ពូទីន សម្រាប់សមរភូមិទីក្រុង Bakhmut

គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានឲ្យដឹងថា កងកម្លាំងរបស់លោក នៅជិតកណ្តាលនៃទីក្រុងជម្លោះជួរមុខ Bakhmut ដោយទាមទារគ្រាប់រំសេវបន្ថែមទៀតពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin ត្រូវបានគេឃើញឈរនៅលើដំបូល នៃអគារខ្ពស់មួយនៅក្នុងអ្វីដែលលោកអះអាងថាជាទីក្រុង Bakhmut ។

លោក Prigozhin បានឲ្យដឹងនៅក្នុងវីដេអូដោយចង្អុលទៅអគារមួយនៅពីចម្ងាយថា “នេះគឺជាអគាររបស់រដ្ឋបាលក្រុង នេះគឺជាមជ្ឈមណ្ឌលនៃទីក្រុង Bakhmut” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។

លោក Prigozhin ដែល​ស្លៀក​សម្លៀក​បំពាក់​ពេញ​លក្ខណៈ​យោធា​បាន​លើកឡើងថា វា​មាន​ចម្ងាយ​មួយ​ជាងគីឡូម៉ែត្រ​។ យ៉ាងណាមិញកាសែត Al Jazeera មិនអាចផ្ទៀងផ្ទាត់ទីតាំងដែលថតបាននោះទេ។

ដោយនិយាយខណៈពេល ដែលកាំភ្លើងធំបានផ្ទុះឡើងនៅក្នុងផ្ទៃខាងក្រោយលោក Prigozhin បាននិយាយថាអ្វីដែលសំខាន់បំផុតឥឡូវនេះគឺត្រូវទទួល បានគ្រាប់រំសេវបន្ថែមទៀតសម្រាប់កងទ័ពដើម្បីឆ្ពោះទៅមុខ” ។  លោក​ថា កង​កម្លាំង​របស់​លោក​ត្រូវ​ការ​គ្រាប់​រំសេវ​ចំនួន ១០០០០ តោន​ក្នុង​មួយ​ខែ​សម្រាប់​ការ​ប្រយុទ្ធនេះ។

ក្រុមទាហានស៊ីឈ្នួល Wagner បាននិងកំពុងដឹកនាំការវាយលុកប្រឆាំងនឹងទីក្រុងនានានៅភាគខាងកើតអ៊ុយក្រែន រួមទាំងទីក្រុង Bakhmut ដែលជាការប្រយុទ្ធដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំរបស់រុស្ស៊ី។  ភាគី​ទាំង​ពីរ​បាន​រង​ការ​ខាត​បង់​យ៉ាង​ខ្លាំង​សម្រាប់ទីក្រុងមួយនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top