ព្យុងយ៉ាង៖ កូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-17 កាលពីថ្ងៃមុន ដើម្បីផ្តល់ “ការព្រមានកាន់តែខ្លាំងដល់សត្រូវ” ចំពេលសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានឲ្យដឹងថា សមយុទ្ធបាញ់បង្ហោះដែលដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើសង្គ្រាមរបស់អង្គភាព ICBM និង “សកម្មភាពសកម្មប្រយុទ្ធពិសេស” នៃកងកម្លាំងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ហើយបានផ្ទៀងផ្ទាត់ភាពជឿជាក់របស់ពួកគេ ។
ការសាកល្បងមីស៊ីល ICBM ធ្វើឡើងតែប៉ុន្មានម៉ោង មុនពេលមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ ដើម្បីពិភាក្សាអំពីបញ្ហានានា រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង បានបាញ់បង្ហោះជាច្រើនដងកាលពីឆ្នាំមុននៃមីស៊ីល Hwasong-17 ICBM ដែលអាចធ្វើដំណើរបានចម្ងាយជាង ១៥០០០គីឡូម៉ែត្រ និងទៅដល់ដីគោករបស់សហរដ្ឋអាមេរិក ប៉ុន្តែវាគឺជាលើកទីមួយហើយដែលទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា មីស៊ីលនេះត្រូវបានប្រើ សម្រាប់សមយុទ្ធ។
ប្រភពពី KCNA បានឲ្យដឹងថា លោក គីម បានសម្តែង “ការពេញចិត្តជាខ្លាំង” ចំពោះសមយុទ្ធនេះ ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “វាយប្រហារការភ័យខ្លាចដល់សត្រូវ និងពិតជាអាចរារាំងសង្គ្រាមបាន” ។
មេដឹកនាំក៏បានរំលឹកឡើងវិញថា កូរ៉េខាងជើង នឹង “មានប្រតិកម្មចំពោះអាវុធនុយក្លេអែរ ជាមួយនុយក្លេអ៊ែ និងការប្រឈមមុខដាក់គ្នា” ហើយបានអំពាវនាវឱ្យរក្សាឥរិយាបថឆ្លើយតបយ៉ាងឆាប់រហ័សរបស់កងកម្លាំងយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងជម្លោះប្រដាប់អាវុធ និងសង្រ្គាមណាមួយ៕ប្រែសម្រួល ឈូក បូរ៉ា