ដោយ Julie de Bailliencourt ប្រធានសកលគោលនយោបាយផលិតផលនៃក្រុមហ៊ុន TikTok
ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃសហគមន៍ TikTok ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។ វិធានទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នា និងមាតិកាទាំងអស់នៅលើភ្លែតហ្វមរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។
ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនេះ ជាលើកដំបូងហើយដែល TikTok កំពុងចែករំលែកគោលការណ៍សហគមន៍របស់ TikTok ដើម្បីជួយអ្នកប្រើប្រាស់ឱ្យស្វែងយល់អំពីការសម្រេចចិត្តរបស់ខ្លួនពីរបៀបដែលបណ្តាញសង្គមមួយនេះធ្វើការងារដើម្បីរក្សាភ្លែតហ្វមរបស់ខ្លួនឱ្យមានសុវត្ថិភាព និងកសាងទំនុកចិត្តចំពោះវិធីសាស្រ្តរបស់ខ្លួន។ គោលការណ៍ទាំងនេះគឺផ្អែកលើការប្តេជ្ញាចិត្តរបស់ TikTok ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងធ្វើឱ្យស្របតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ។
គោលការណ៍ទាំងនេះដឹកនាំការសម្រេចចិត្តរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះសម្របសម្រួលមាតិកា ដូច្នេះបណ្តាញសង្គមនេះអាចព្យាយាមធ្វើឱ្យមានភាពត្រឹមត្រូវនៅក្នុងសកម្មភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានតុល្យភាពរវាងសេរីភាពនៃការបញ្ចេញមតិ និងការបង្ការមិនឱ្យមានគ្រោះថ្នាក់។
ដើម្បីជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាពដ៏ទូលំទូលាយបំផុតចំពោះគោលការណ៍ណែនាំសហគមន៍របស់ TikTok រហូតមកដល់បច្ចុប្បន្ននេះ TikTok បានពិគ្រោះយោបល់ជាមួយអង្គការប្រមាណជាង ១០០ស្ថាប័ននៅជុំវិញពិភពលោក រួមទាំងក្រុមប្រឹក្សាពិគ្រោះយោបល់មាតិការសហរដ្ឋអាមេរិករបស់ខ្លួន និងសមាជិកសហគមន៍របស់ភ្លែតហ្វមនេះផងដែរ។ ការផ្តល់មតិរបស់ពួកគេបានជួយ TikTok ឱ្យពង្រឹងវិធានរបស់ខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗនិងគ្រោះថ្នាក់ដែលអាចកើតមាននៅលើភ្លែតហ្វមនេះ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនមានដូចជា៖
• ធ្វើបច្ចុប្បន្នភាពវិធានរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយសិប្បនិម្មិត (Synthetic media) ដែលបង្កើតឡើង ឬសម្របសម្រួលដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត។
• បន្ថែមក្រុមការងារដើម្បីធ្វើការងារលើគោលការណ៍លុបបំបាត់ពាក្យសម្តីស្អប់ខ្ពើមនិងអាកប្បកិរិយាស្អប់ខ្ពើមនៅលើភ្លែតហ្វម TikTok។
• ព័ត៌មានលម្អិតបន្ថែមអំពីការងាររបស់ TikTok ដើម្បីការពារសុចរិតភាពពលរដ្ឋនិងបោះឆ្នោត រួមទាំងវិធីសាស្រ្តរបស់បណ្តាញសង្គមមួយនេះក្នុងការដោះស្រាយទៅនឹងគណនីរបស់រដ្ឋាភិបាល អ្នកនយោបាយ និងគណបក្សនយោបាយ។
គោលការណ៍ណែនាំសហគមន៍ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២១ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ TikTok នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់អ្នកសម្របសម្រួលរបស់ខ្លួន ដើម្បីជួយអនុវត្តវិធាន និងស្តង់ដារសហគមន៍ដែលត្រូវបានធ្វើបច្ចុប្បន្នភាពទាំងនេះប្រកបដោយប្រសិទ្ធភាព នៅពេលដែលវិធាននិងស្តង់ដារសហគមន៍ទាំងនេះចាប់ផ្តើមដាក់ដំណើរការ។
TikTok បាននាំយកវិធាននិងស្តង់ដារសហគមន៍របស់ខ្លួនទៅកាន់ទីកន្លែងតែមួយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់រាប់ចាប់ពីអ្នកបង្កើតមាតិការរហូតដល់អ្នកស្រាវជ្រាវអាចទទួលបាននូវអ្វីដែលពួកគេត្រូវការដោយផ្អែកលើមតិកែលម្អដែលបណ្តាញសង្គមមួយនេះទទួលបាន។ TikTok បានកែលម្អរបៀបដែលភ្លែតហ្វមនេះរៀបចំវិធានរបស់ខ្លួនតាមប្រធានបទផ្សេងៗគ្នា ហើយសម្រាប់ប្រធានបទនីមួយៗទាំងនេះ (ដូចជាអាកប្បកិរិយានិងសុខភាពផ្លូវចិត្ត) ដំបូងភ្លែតហ្វមនេះពន្យល់ដោយសង្ខេបអំពីសកម្មភាពដែលខ្លួនមិនអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់ខ្លួន ហើយបន្ទាប់មកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដូចជា និយមន័យ និងសកម្មភាពជាច្រើនផ្សេងទៀតដែលអ្នកប្រើប្រាស់អាចធ្វើឡើង។ TikTok ក៏បានដាក់ចេញសសរស្តម្ភចំនួនបួននៃវិធីសាស្រ្តរបស់ខ្លួនក្នុងការសម្របសម្រួលផងដែរដែលមានដូចជា៖
១. លុបចោលមាតិកាបំពានគោលការណ៍សហគមន៍
២. កម្រិតមាតិកាសម្រាប់តែមនុស្សពេញវ័យ ដូច្នេះមានតែមនុស្សពេញវ័យ (អាយុ ១៨ ឆ្នាំឡើងទៅ) ប៉ុណ្ណោះដែលអាចទទួលបានមាតិកានោះ។ (សូមរំឭកថា មាតិកានេះនៅតែត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok ដដែល)។
៣. ធ្វើឱ្យមាតិកាដែលមិនសមរម្យសសម្រាប់ទស្សនិកជនទូលំទូលាយ មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការណែនាំនៅក្នុងទំព័រ For You feed ឡើយ។
៤. ផ្តល់សិទ្ធិដល់សហគមន៍របស់ TikTok ជាមួយនឹងឧបករណ៍ព័ត៌មាន និងធនធាននានា ដើម្បីគ្រប់គ្រងការទទួលបានមាតិកាផ្សេងៗ។
ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ TikTok នៅថ្ងៃនេះ ក៏ពង្រីកយុទ្ធសាស្ត្រអនុវត្តរបស់បណ្តាញសង្កមមួយនេះផងដែរ ដែលធ្វើឡើងតាមរយៈ៖
• ចែករំលែកព័ត៌មានបន្ថែមអំពីសកម្មភាពដែល TikTok ធ្វើប្រឆាំងនឹងគណនីដែលរំលោភបំពានវិធានរបស់ខ្លួនបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់យើងកាលពីដើមឆ្នាំនេះនិងបញ្ជាក់ឱ្យបានច្បាស់ថា TikTok មិនអនុញ្ញាតឱ្យមានការប្រើប្រាស់គណនីច្រើនដើម្បីរំលោភបំពានគោលការណ៍របស់ខ្លួនដោយចេតនាឡើយ។
• ពន្យល់អំពីការពិចារណារបស់ TikTok ក្នុងការអនុវត្តវិធានរបស់ខ្លួនដោយផ្អែកលើផលប្រយោជន៍សាធារណៈ និងវិធីសាស្រ្តរបស់បណ្តាញសង្គមនេះចំពោះមាតិកាដែលរិះគន់បុគ្គលសាធារណៈ។
• បញ្ចូលព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែល TikTok ប្រើស្លាកព័ត៌មាន ការព្រមាន និងការប្រាប់ដំណឹងជាមុន។
TikTok មានមោទនភាពក្នុងការចែករំលែកគោលការណ៍ណែនាំសហគមន៍ដែលបានកែលម្អទាំងនេះ ដោយផ្តល់ជូនសហគមន៍របស់ខ្លួននូវតម្លាភាពខ្លាំងជាងមុនអំពីវិធានរបស់ខ្លួន និងរបៀបដែលភ្លែតហ្វមនេះអនុវត្តវិធានទាំងនេះ។ ការការពារសុវត្ថិភាពមនុស្សនៅលើអ៊ីនធឺណិតគឺត្រូវការកម្លាំងនិងធនធានច្រើន។ ដូច្នេះ TikTok សូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នានៅក្នុងសហគមន៍ TikTok និងចំពោះអ្នកជំនាញខាងក្រៅទាំងអស់ដែលបានចូលរួមចំណែកនិងបន្តជួយភ្លែតហ្វមនេះឱ្យធ្វើបច្ចុប្បន្នភាពវិធានរបស់ខ្លួន និងបន្តបោះជំហានទៅមុខមួយជំហានទៀតមុនពេលមានការគំរាមកំហែងផ្សេងៗ។
TikTok ជឿថា មនុស្សគ្រប់គ្នាស័ក្ដិសមនឹងទទួលបានអារម្មណ៍សុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយអារម្មណ៍សុវត្ថិភាពនេះគឺជាគន្លឹះក្នុងការបញ្ចេញការស្រមើលស្រមៃ និងការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិតនានា។ នេះហើយជាមូលហេតុដែលភ្លែតហ្វមនេះបន្តវិនិយោគលើការងាររបស់ខ្លួនដើម្បីរក្សា TikTok ឱ្យក្លាយជាទីកន្លែងដែលមានសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងទំនុកចិត្តសម្រាប់សហគមន៍ពិភពលោករបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់អាចបង្កើតមាតិកា ស្វែងរកមាតិកា និងផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នាបាន៕