កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ បានអញ្ជើញនាំអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ៥៧គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក បាន ស្រេង អភិបាលរង ស្រុកស្ទឹងត្រង់ ឲ្យដឹងថា នៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំងបណ្តាលឲ្យ ប្រជាពលរដ្ឋក្នុងភូមិចំនួន ៦ មាន ៥៧គ្រួសារ ក្នុងនោះ រលំផ្ទះផ្ទះ ៥ ខ្នង និង របើកដំបូល ចំនួន ៥២ខ្នង មិនមានរងគ្រោះថ្នាក់ដល់មនុស្ស នោះទេ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសំណាក់ សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេច លោក តែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដោះស្រាយជីវភាពក្នុងគ្រាលំបាកនេះ ។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៧ គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្កចំនួន ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១ ។
ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល និង គ្រួសារដែលរងគ្រោះមធ្យមចំនួន ៥២ គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ ៕